សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពិនិត្យគោលនយោបាយប្រជាសាស្ត្រឡើងវិញ និងលើកទឹកចិត្តឱ្យពលរដ្ឋយកកូនច្រើនការពារកង្វះខាតកម្លាំងពលកម្ម
ខេត្តតាកែវ៖ ថ្លែងក្នុងជំនួបជាមួយកម្មករ-កម្មការិនី និងនិយោជិតសរុប១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសនានាក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងពីគោលនយោបាយប្រជាសាស្ត្រកម្ពុជា ដែលបានព្យាករថា កម្ពុជានឹងទៅជាប្រទេសមានមនុស្សចាស់នៅឆ្នាំ២០៥០ ខណៈដែលរាជរដ្ឋាភិបាលក៏បានកំណត់យកឆ្នាំដដែលនេះ ជាប្រទេសអ្នកមាន ដូច្នេះ វាអាចនឹងប៉ះពាល់ដល់ការកង្វះខាតកម្លាំងពលកម្មផងដែរ…។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖«បើតាមការព្យាកររបស់ក្រសួងផែនការ គឺកម្ពុជានឹងក្លាយជាប្រទេសមានមនុស្សចាស់នៅឆ្នាំ២០៥០ ខ្ញុំបានឱ្យពិនិត្យមើលទិន្នន័យឱ្យច្បាស់ ព្រោះនៅតែ២៧ឆ្នាំទៀតទេ ហើយឆ្នាំ២០៥០ ជាគោលដៅដែលយើងក្លាយជាប្រទេសអ្នកមាន អ៊ីចឹង..កុំចាំឱ្យដល់ពេលហ្នឹង ប្រជាពលរដ្ឋយើងចាស់ច្រើនជាងក្មេង។ បើសិនវាយតម្លៃលើទិន្នន័យហ្នឹងប្រាកដប្រជា ត្រូវគិតគូរគោលនយោបាយប្រជាសាស្ត្រឡើងវិញ»។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រយៈពេល២៧ឆ្នាំទៀត គឺមិនយូទេ ដែលតម្រូវឱ្យប្រទេសកម្ពុជាមានប្រជាពលរដ្ឋធ្វើការបញ្ចេញពលកម្មពេញកម្លាំងជាប់រហូត ទើបអាចធានាទៅមុខបានយូរឆ្នាំ។ ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំឭកឡើងវិញក្នុងជំនួបជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន ពីគោលនយោបាយប្រជាសាស្ត្រនេះផងដែរ ដោយឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានលើកឡើងថា ប្រទេសចិនមានប្រជាជនច្រើន ប៉ុន្តែប្រជាជនក៏ចាស់ច្រើនដែរ ព្រោះពីមុន ចិនបានដាក់គោលដៅយកកូនតែមួយ ប៉ុន្តែឥឡូវចង់ឱ្យប្រជាជនមានកូន២ ឬ៣នាក់ បែរជាគ្មាននរណាចង់បាន។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖«ប៉ុន្មានថ្ងៃមុន ខ្ញុំបានជួបជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន ពេលបាយល្ងាចជាមួយគ្នា គាត់ប្រាប់ថា ឥឡូវប្រជាជនចិនច្រើន ប៉ុន្តែប្រជាជនក៏ចាស់ច្រើន ដោយសារពីដើមទី គាត់ដាក់គោលដៅកំណត់យកកូនតែមួយ ដល់ឥឡូវឱ្យប្រជាជនមានសិទ្ធិយកកូន២,កូន៣ អត់មានពីណាចង់បាន ព្រោះវាថ្លៃពេក! ប្រទេសមួយចំនួននៅអាស៊ានយើងមានបញ្ហាដែរ នៅសឹងហ្កាពួរអី គឺចាប់ផ្តើមថយចុះ, នៅជប៉ុនចំនួនមនុស្សថយចុះ..! អ៊ីចឹង..ខ្ញុំថាឱ្យមើលឡើងវិញ! បើសិនឱ្យប្រជាពលរដ្ឋកើនច្រើន ឱ្យកើនឥឡូវទៅ កុំចាំដល់ឆ្នាំ២០៥០ ព្រោះបើដល់ឆ្នាំ២០៥០ គឺគ្មានពីណាចង់មានកូនទេ»។ សម្តេចធិបតី បានពន្យល់បន្ថែមពីមូលហេតុដែលនាំឱ្យមានទិន្នន័យពីការថយចុះនៃការយកកូនរបស់ប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងទីក្រុងយ៉ាងដូច្នេះថា៖«ទី១.តម្លៃនៃការចិញ្ចឹមថ្លៃ, ទី២.របៀបរបបធ្វើការអ្នកក្រុងយើងឥឡូវ[..] ខ្ញុំសួរទិន្នន័យថ្ងៃមុន តួលេខដូចជាកូនមួយកន្លះផង ជាមធ្យម..ថយហើយ! ចឹងអ្នកមកនេះ មានខ្លះបានមួយ បានពីរ បានបី ថ្ងៃមុនមានដល់៤ នៅកម្ពុជា បំបែកឯកទគ្គកម្ម! ជួយ[..]ដីយើងនៅសល់ច្រើន យើងមាន១៧លាននាក់ បើបាន៤០-៥០លាននាក់ កម្លាំងទីផ្សារយើងធំ និងបានច្រើន ដូច្នេះត្រូវពិនិត្យមើល! បើថាយ៉ាងម៉េចយ៉ាងម៉ាលើកទឹកចិត្តឱ្យមានកូនពីឥឡូវឱ្យហើយទៅ ព្រោះបើចាំដល់ឆ្នាំ២០៥០ គឺនឹងជួបផលលំបាកមិនខាន»។ យ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺនៅបន្តអនុវត្តបេសកកម្មក្នុងការបម្រើប្រជាជនដោយសម្រួចបន្ថែមលើគោលនយោបាយដែលមានស្រាប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយសុខសន្ដិភាព..៕ សម្រួលដោយ ទៀង បុណ្ណរី