ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways តម្រូវឲ្យអ្នកដំណើរទាំងអស់ថ្លឹងទម្ងន់សិន មុនឡើងជិះយន្តហោះ
ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានណែនាំទៅដល់អ្នកដំណើរទាំងអស់ត្រូវថ្លឹងទម្ងន់ជាមុនសិន មុនពេលឡើងជិះយន្តហោះ ខណៈខាងក្រុមហ៊ុនធានាជូនថា ព័ត៌មានដែលទទួលបានពីការថ្លឹងទម្ងន់នេះនឹងត្រូវបានរក្សាទុកជាសម្ងាត់ ។ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គោលការណ៍ថ្លឹងទម្ងន់នេះនឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ហើយវាក៏ស្របតាមវិធានការស្ដង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិផងដែរ ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ការថ្លឹងទម្ងន់នឹងត្រូវធ្វើឡើងនៅច្រកចេញដំណើរ មុនពេលអ្នកដំណើរឡើងជិះយន្តហោះ ខណៈគោលបំណងនេះគឺដើម្បីងាយស្រួលក្នុងការគណនាទម្ងន់ហោះឡើរបស់យន្តហោះ ក៏ដូចជាដើម្បីធានាដល់សុវត្ថិភាពនៃការហោះហើរ ហើយខាងក្រុហ៊ុនក៏កំពុងស្វែងរកកិច្ចសហការពីអ្នកដំណើរទាំងអស់ផងដែរ ។ ទន្ទឹមនោះ វិធានការស្រដៀងគ្នានេះត្រូវបានអនុវត្តរួចហើយចំពោះអ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air និងក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ដែលមានទីតាំងនៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកក មានជើងហោះហើរក្នុងប្រទេសថៃ ក៏ដូចជាមកកាន់ព្រះរាជាណាចក្រកម្ពុជា ហុងកុង ឡាវ ម៉ាល់ឌីវ មីយ៉ាន់ម៉ា សិង្ហបុរី និងវៀតណាម ៕ សម្រួលដោយ ទៀង បុណ្ណរី