ផ្លូវមួយខ្សែ ជប៉ុនជួយជិត៥ សែនដុល្លារសហរដ្ឋអាមេរិក ឥឡូវរងការខូចស្ទើរទាំងស្រុងនៅក្នុងខេត្តរតនៈគីរី ធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំង

ខេត្តរតនគិរី: ផ្លូវលំមួយខ្សែក្រាលគ្រួសក្រហម ជប៉ុនបានផ្ដល់ជំនួយជិត៥ សែនដុល្លារសហរដ្ឋអាមេរិក កំពុងរងការខូចស្ទើរទាំងស្រុងនៅក្នុងខេត្តរតនគីរី បានបង្កការលំបាកដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង។ ជាពិសេសនោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូ មានសិស្សសាលាគឺតែងតែដួលប្រឡាក់ដីពេញខ្លួន។រីឯរថយន្តខ្លះក៏បានរអិលធ្លាក់ពីលើផ្លូវក៏មានផងដែរ។
ផ្លូវមួយខ្សែខាងលើនេះមានទទឹង៦ម៉ែត្រនិងបណ្ដោយ១៩គីឡូម៉ែត្រ តភ្ជាប់ពីរមណីដ្ឋានបឹងយក្សឡោម ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទឹកធ្លាក់អូរសុិនឡែរ៍ (ជំរុំបីស្រុក) ស្ថិតនៅក្នុងចាងរ៉ា ឃុំប៉ាតាងស្រុកលំផាត់ ខេត្តរតនគិរី។  គួរបញ្ជាក់ដែរថា ផ្លូវគ្រួសក្រហមមួយខ្សែនេះ គឺខាងក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើផ្ទាល់កាលពីឆ្នាំ២០១០ ដោយប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាលជប៉ុន អាស៊ាន ដែលមានទំហំទឹកប្រាក់ សរុបចំនួន៤៧៥,០០០ដុល្លារ ។ ផ្លូវនេះដែលគឺស្ថិតនៅក្នុងគំរោង ដែលតម្រូវឲ្យ ក្រាលកៅស៊ូ ឲ្យបានមាំទាំគុណភាពល្អដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងវិស័យទេសចរណ៍ ក្នុងខេត្ដរតនគិរីនេះ ក៏ប៉ុន្ដែពេលចុះធ្វើផ្លូវខាងលើនេះបែរជាគេក្រាលតែគ្រួសក្រហមទៅវិញ គឺខុសពីគំរោងដើម ។ ក្រោយពីធ្វើផ្លូវនោះរួចរាល់ពោលគឺបាន១ឆ្នាំគឺនៅឆ្នាំ២០១២ ខាងក្រសួងអភិវឌ្ឍន៍ជនបទក៏បានសម្រេចប្រគល់ទៅឲ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដរតនគិរី ជាអ្នកមើលថែទាំនិងជួសជុលជាប្រចាំ និងបានតំកល់ឈ្មោះម្ចាស់ជំនួយនៅលើប៉ាណូមួយដោយសរសេរថាផ្លូវនោះប្រើប្រាស់ថវិការគំរោងរាជរដ្ឋាភិបាលជប៉ុនអាស៊ានដែលមានទឹកប្រាក់ចំនួន៤៧,៥០០០ដុល្លារ។  ដោយឡែកពេលផ្លូវមួយខ្សែនេះបានធ្លាក់ដល់ដៃខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី គេសង្កេតឃើញថាប៉ាណូដែលតំលក់ឈ្មោះម្ចាស់ជំនួយក៏បាក់ទៅ ចំណែកផ្លូវក៏មានសភាពទ្រុឌទ្រោមខូចខាតជាបន្ដបន្ទាប់និងធ្ងន់ធ្ងរទៅៗដោយមិនអាចធ្វើដំណើរទៅមកបានស្រួលនោះទេ។  ជុំវិញករណីផ្លូវមួយខ្សែរងការខូចខាតស្ទើរទាំងស្រុងខាងលើនោះ អ្នកយកព័ត៌យើងបានព្យាយាមសុំការ ពន្យល់ពី លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនៃខេត្តរតនគិរី តែទូរស័ព្ទលោកចុកចូលជាច្រើនដងហើយ តែពុំមានអ្នកទទួល៕   (ដោយសហការីធី tnm)  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង