ទឹងរហាត់ទឹក ហក់ឡើងខ្លាំងក្រោយភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលពីរថ្ងៃ

ខេត្តបន្ទាយមានជ័យ៖ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ រហូតដល់ល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ទឹងរហាត់ទឹក នៅចំណុចសំណង់ពោធិ៍២ដើម ភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានហក់ឡើងខ្លាំងក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា បង្កឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងមានការព្រួយបារម្ភ…។  លោក ស សំណាង មេឃុំរហាត់ទឹក បានឱ្យដឹងថា មូលហេតុដែលទឹកហក់ឡើងខ្លាំងដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាពីរថ្ងៃម៉្យាងទៀត ដោយសារការបើកទឹកធ្លាក់ពីសំណង់បវេល និងសំណង់ព្រៃខ្ពស់ ក្នុងស្រុកបវិលខេត្តបាត់ដំបង ហូរមកផ្នែកខាងក្រោមដងស្ទឹងមង្គលបូរី។ លោកបន្តថា ទឹកដែលឡើងខ្លាំងនៅដងស្ទឹងរហាត់ទឹក ចំណុចសំណង់ពោធិ៍២ដើមនេះ គឺមិនទាន់ប៉ះពាល់ ឬប្រឈមនៅឡើយទេដោយឆ្នាំនេះសំណង់ពោធិ៍២ដើម ត្រូវបានកសាងរួចរាល់ ស្តាប្រព័ន្ធទឹក មានអូរ និងប្រឡាយជាច្រើនខ្សែទៀត ដូចច្នេះគ្មានការព្រួយបារម្ភដូចឆ្នាំមុនឡើយ។  ទន្ទឹមនឹងនោះ លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុននិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានភាពទឹកដងស្ទឹងឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ស្រុកមង្គលបូរី មានការកើនឡើងនាពេលនេះ ដោយសារធ្លាក់ភ្លៀងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ តែមិនទាន់ប្រឈមនិងការជនលិចនៅឡើយទេ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង