២សប្តាហ៍នៃខែកញ្ញា! ចំនួនអ្នកស្លា.ប់ដោយសារទឹកជំនន់នៅលីប៊ីអាចឈានដល់២ម៉ឺននាក់ ខណៈរញ្ជួយដីនៅម៉ារ៉ុកសម្លា.ប់មនុស្សជិត៣ពាន់នាក់
គិតត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ ប្រទេសចំនួន២ បានជួបគ្រោះមហន្តរាយធម្មជាតិ២ប្រភេទផ្សេងគ្នា បណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់អាចស្លាប់ និងរងរបួស។ ពីមុនមនុស្សបំផ្លាញធម្មជាតិ តែពេលនេះធម្មជាតិចាប់ផ្តើមបំផ្លាញមនុស្សវិញហើយ…។ អ្នកស្រុកនៃទីក្រុង Derna នៃប្រទេសលីប៊ី ដែលរងការបំផ្លិចបំផ្លាញ បានស្វែងរកសាច់ញាតិដែលបានបាត់ខ្លួនយ៉ាងអស់សង្ឃឹម ខណៈក្រុមអ្នកជួយសង្គ្រោះបានអំពាវនាវរកថង់ច្រកសាកសពបន្ថែមទៀត បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខណៈគ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់២៩០១នាក់ និងរបួស៥៥៣០នាក់ ធ្វើឱ្យករណីនេះក្លាយជាមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសម៉ារ៉ុក ចាប់តាំងពីឆ្នាំ១៩៦០ និងមានឥទ្ធិពលចាប់តាំងពីឆ្នាំ១៩០០។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក តារេក អាល់ខារ៉ាស (Tarek al-Kharraz) កាលពីថ្ងៃពុធទី១៣កញ្ញា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាអ្នកស្លាប់ចំនួន៣៨៤០នាក់ ត្រូវបានកត់ត្រាមកទល់ពេលនេះ រួមទាំងសាកសព៣១៩០នាក់ដែលត្រូវបានកប់រួចហើយ។ ក្នុងនោះមានជនបរទេសយ៉ាងតិច៤០០នាក់ ភាគច្រើនមកពីប្រទេសស៊ូដង់ និងអេហ្ស៊ីប។ ទន្ទឹមនឹងនេះដែរ លោក ហៃជេម អាប៊ូ ឈ្គីអ៊ោត Hichem Abu Chkiouat រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល នៅក្នុងរដ្ឋបាលដែលគ្រប់គ្រងភាគខាងកើតប្រទេសលីប៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មានមនុស្សស្លាប់ជាង៥៣០០នាក់ ហើយបាននិយាយថាចំនួននេះទំនងជាកើនឡើងយ៉ាងខ្លាំង ហើយអាចកើនឡើងទ្វេដង។ អភិបាលក្រុង Derna លោកអាប់ឌុលមេណាំ អាល់-ហ្កៃទី Abdulmenam al-Ghaithi បានប្រាប់ទូរទស្សន៍ Al Arabiya ដែលគ្រប់គ្រងដោយប្រទេសអារ៉ាប៊ីសាអូឌីតថា ចំនួនអ្នកស្លាប់នៅក្នុងទីក្រុងនេះ អាចឡើងដល់ចន្លោះពី១ម៉ឺន៨ពាន់នាក់ទៅ២ម៉ឺននាក់ ដោយផ្អែកលើចំនួនស្រុក ដែលត្រូវបានបំផ្លាញដោយទឹកជំនន់ ខណៈ អ្នកបាត់ខ្លួនមានចំនួន១ម៉ឺននាក់។ អភិបាលក្រុង Derna លោក អាល់-ហ្កៃទី បាននិយាយថា ក្រុមជួយសង្គ្រោះបានមកដល់ប្រទេសអេហ្ស៊ីប ទុយនីស៊ី អេមីរ៉ាត់អារ៉ាប់រួម តួកគី និងកាតា កំពុងបំពេញប្រតិបត្តិការទាំងយប់ទាំងថ្ងៃ។ លោកបន្តថា៖«យើងពិតជាត្រូវការក្រុមជំនាញក្នុងការស្វែងរកសាកសព។ ខ្ញុំបារម្ភថា ទីក្រុងនឹងឆ្លងជំងឺរាតត្បាត ដោយសារតែសាកសពជាច្រើននៅក្រោមគំនរបាក់បែក និងក្នុងទឹក»។ យ៉ាងណា ប្រតិបត្តិការជួយសង្គ្រោះមានភាពស្មុគស្មាញ ដោយសារការបែកបាក់ផ្នែកនយោបាយយ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានប្រជាជនចំនួនប្រាំពីរលាននាក់ ដែលខ្វះរដ្ឋបាលកណ្តាលដ៏រឹងមាំ និងកំពុងមានសង្រ្គាមចាប់តាំងពីការបះបោរ ដែលគាំទ្រដោយអង្គការណាតូនៅឆ្នាំ២០១១។ ការរិះគន់របស់អាជ្ញាធរមូលដ្ឋាននៅភាគខាងកើតប្រទេសលីប៊ី រួមទាំងអ្នកនៅក្នុងទីក្រុង Derna បានលេចឡើងជាមួយនឹងពាក្យមួយចំនួនថា អ្នកស្រុកមិនត្រូវបានជូនដំណឹងថា ពួកគេត្រូវតែជម្លៀសចេញ មុនពេលដែលទឹកហូរពេញទីក្រុងនោះទេ។ ស្លេះពីគ្រោះទឹកជំនន់នៅប្រទេសលីប៊ី យើងងាកមកតាមដានគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុកវិញម្ដង។ ការរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារនៅជិតរមណីយដ្ឋាន Oukaïmeden ក្នុងភ្នំ High Atlas ប្រហែល៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី។ បន្ទាប់ពីការរញ្ជួយបានកើតឡើង មនុស្សជាង២៩០០នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ និងរបួស៥៥៣០នាក់ ដោយចំនួននោះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។ ក្នុងចំណោមអ្នកស្លាប់ ដែលត្រូវបានរាយការណ៍គិតត្រឹមថ្ងៃពុធទី ១៣កញ្ញា។ មនុស្ស១៦៤៣នាក់ស្ថិតនៅក្នុងទីក្រុង Al Haouz ជាតំបន់ដែលមានប្រជាជនប្រហែល ៥៧ម៉ឺននាក់ នេះបើយោងតាមជំរឿនឆ្នាំ២០១៤ របស់ប្រទេសម៉ារ៉ុក។ អង្គការ UNICEF បានបង្ហាញថា ការរញ្ជួយដីនេះ ត្រូវបានគេជឿថា បានប៉ះពាល់ដល់កុមារប្រហែល១សែននាក់ផងដែរ នេះបើយោងតាមរបាយការណ៍ដំបូង។ គួរបញ្ជាក់ថា វាជាការរញ្ជួយដីដ៏ធំបំផុតដែលប្រទេសម៉ារ៉ុកបានឃើញ ក្នុងរយៈពេលជាង១០០ឆ្នាំ។ ការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុក ក្នុងការចងចាំនាពេលថ្មីៗនេះ គឺនៅក្នុងឆ្នាំ១៩៦០។ ការរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានសម្លាប់មនុស្សជាង១២០០០នាក់ នៅពេលដែលវាបានវាយប្រហារទីក្រុងឆ្នេរសមុទ្រ។ គ្រោះមហន្តរាយនេះ បានជំរុញឱ្យមានការផ្លាស់ប្ដូរច្បាប់សាងសង់នៅទូទាំងប្រទេសម៉ារ៉ុក ប៉ុន្តែអគារជាច្រើន ជាពិសេសផ្ទះនៅជនបទនៅតែមិនត្រូវបានសាងសង់ដើម្បីទប់ទល់នឹងកម្លាំងបែបនេះ៕ សម្រួលដោយ ទៀង បុណ្ណរី