ឡចំហុយឈើមួយកន្លែងនៅខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចគ្មានសល់
ខេត្តបាត់ដំបង៖ ឡចំហុយឈើមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចអស់ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង…។ លោកវរសេនីយ៍ត្រី សុីម ពីទូ នាយប៉ុស្តិ៍នគររដ្ឋបាលឈើទាល បានឱ្យដឹងថា ឡចំហុយឈើដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានម្ចាស់ឈ្មោះ គឹម អៀង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតរួមមាន៖ រោងសង់អំពីឈើប្រក់ ស័ង្កសីចំនួន០១ខ្នង ,ឈើស្វាយប្រហែល១០គីប ,ម៉ូទ័រផលិតធ្យូងអនាម័យចំនួន០៤គ្រឿង។ បន្ថែមលើសនេះ លោកបន្តថា ចំពោះអគ្គិភ័យខាងលើ បានប្រើប្រាស់រថយន្តទឹកចំនួន០៤គ្រឿង ដើម្បីចុះជួយអន្តរាគមន៍បាញ់ពន្លត់។ ជាមួយគ្នានោះ បើតាមការសន្និដ្ឋានបឋមរបស់ម្ចាស់ឡ បានបញ្ជាក់ថា ករណីនេះ គឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ យ៉ាងណា ករណីខាងលើនេះ កំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់មន្ត្រីជំនាញនៅឡើយទេ។ បន្ថែមលើនេះ អាជ្ញាធរបានណែនាំឱ្យបងប្អូនត្រូវមានការប្រយ័ត្នខ្ពស់ និងឧស្សាហ៍ពិនិត្យទៅលើខ្សែភ្លើងដែលប្រើប្រាស់រាល់ថ្ងៃថា វាមានសភាពចាស់ទ្រុឌទ្រោម ឬក៏ដាច់ ត្រូវផ្លាស់ប្ដូរថ្មីកុំប្រើនាំឱ្យមានគ្រោះថ្នាក់កើតទ្បើងណាមួយជាយថាហេតុដោយមិនបានដឹងមុន ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះខូចខាតទ្រព្យសម្បត្តិ និងមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី