តារាចម្រៀង ប៊ុត សីហា ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទីពីរក្នុងករណីគ្រឿងញៀន
ខេត្តកំពង់ស្ពឺ៖ តារាចម្រៀង ប៊ុត សីហា អតីតម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកធ្លាប់ត្រូវបានឃាត់ខ្លួនម្ដងរួចមកហើយ ក្នុងករណីគ្រឿងញៀនដដែលនេះ អំឡុងឆ្នាំ២០១៨។ ប្រភពពីនគរបាលស្រុកគងពិសីបានឱ្យដឹងថា ការឃាត់ខ្លួនតារាចម្រៀងរូបនេះ និងបក្ខពួកម្នាក់ទៀតធ្វើឡើង បន្ទាប់កម្លាំងនគរបាលស្រុកគងពិសី ចុះល្បាតតាមមូលដ្ឋាន និងបានប្រទះឃើញជនសង្ស័យទាំងពីរនាក់ រួចហៅសួរនាំត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥កញ្ចប់ (៣តូច និង២មធ្យម) ទូរសព្ទ៣គ្រឿង រួមនិងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។ សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួនរួមមាន៖ ទី១.ឈ្មោះ ប៊ុត សីហា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី២.ឈ្មោះ ឆន វល្លិ៍ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ការិយាល័យជំនាញ កំពុងកសាង សំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ សូមរំឭកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ តារាចម្រៀង ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនម្ដងរួចមកហើយ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹកសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីតារាប្រុសរូបនេះទៅទិញគ្រឿងញៀន ដើម្បីជក់តែកាលនោះត្រូវបានក្រុមគ្រួសារ ធានាយកទៅធ្វើការអប់រំ និងបន្សាបគ្រឿងញៀន៕ សម្រួលដោយ ទៀង បុណ្ណរី