បេក្ខជន ប្រព្រឹត្តិល្មើល ពេលប្រឡងបាក់ឌុប នឹងមិនឱ្យប្រឡង ២ឆ្នាំ និងជាប់ពន្ធនាគារ

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញបទប្បញ្ញត្តិ ​និងកម្រិតវិន័យយ៉ាងតឹងរឹង​សម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ក្នុងឆ្នាំ២០២៣នេះ ខណៈការកម្រិតវិន័យនេះគឺអាចឈានដល់ការធ្លាក់ដោយស្វ័យ​ប្រវត្តិដោយគ្មានសិទ្ធិប្រឡង​ ២ឆ្នាំបន្ទាប់ និងអាចឈានទៅ​ជាប់​ពន្ធនាគារថែមទៀត ​ក្នុងករណីប្រព្រឹត្តិអំពើ​សូកប៉ាន់​ក្នុងការប្រឡង។ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទយក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។​ មុនការប្រឡងចូលមកដល់ ក្រសួងអប់រំ ​បានផ្សព្វផ្សាយនូវរាល់បទបញ្ញត្តិ កម្រិតវិន័យ ក៏ដូចជាអ្វីដែលបេក្ខជនត្រូវធ្វើ និងមិនត្រូវធ្វើជាដាច់ខាតក្នុងមណ្ឌលប្រឡង។ កម្រិតវិន័យក្នុងការប្រឡង ធ្ងន់ធ្ងរបំផុត គឺឈានដល់ការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំក្នុងករណីសូកប៉ាន់។  ករណីសូកប៉ាន់វិញ ត្រូវបានក្រសួងអប់រំ ចាត់ទុកជាករណីធ្ងន់ធ្ងរបំផុតសម្រាប់ការប្រឡង។ ក្រសួងអប់រំ លើកឡើងថា បទសូកប៉ាន់ តាមមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ គឺផ្តន្ទាទោសដាក់​ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ ឆ្នាំ ចំពោះបុគ្គលណា ​ដោយគ្មានសិទ្ធិដោយផ្ទាល់ ឬប្រយោល ប្រគល់អំណោយ ​ឬជំនូនធ្វើការសន្យាជាមួយ ឬផ្ដល់អត្ថប្រយោជន៍អ្វីមួយ​ដល់អ្នករាជការ​សាធារណៈ ឬពលរដ្ឋទទួលអាណត្តិ​សាធារណៈដោយការបោះឆ្នោត ដើម្បីឱ្យអ្នករាជការ ឬពលរដ្ឋនោះ។  ក្រសួងអបប់រំ យុិវជន និងកីឡា បានកំណត់បន្តថា ការយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ការឱ្យអ្នកដទៃមក​ប្រឡងជំនួស ​ការធ្វើឱ្យខូចសម្ភារក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា ការមិន​អនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ​ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង ​គឺបេក្ខជននោះនឹងធ្លាក់ដោយស្វ័យប្រវត្ត និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ករណីចាំបាច់បេក្ខជននោះ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដោះស្រាយទៅតាមច្បាប់។  បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏បានបញ្ជាក់ថែមលើកម្រិតវិន័យផ្សេងទៀត ​ចំពោះការប្រព្រឹត្តិឆ្គងរបស់​បេក្ខជនប្រឡងផងដែរ។ បេក្ខជនដែលលួចចម្លងគឺត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត​ និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។  ចំពោះករណីដែលបេក្ខជនបង្កើតសកម្មភាពធ្វើឱ្យខូចសណ្ដាប់ធ្នាប់រៀបរៀបរយនៃការប្រឡង និង​ប៉ះពាល់លកិត្តិយសគណៈមេប្រយោគ ក្នុងកម្រិតវិន័យថា្នក់ទី១ គឺមិនអនុញ្ញាតឱ្យចូលប្រឡង និងកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ ក្នុងកម្រិតវិន័យថ្នាក់ទី២វិញ គឺកំណត់ឱ្យបបេក្ខជនធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡង​មួយឆ្នាំ​បន្ទាប់ថែមទៀត៕  សម្រួលដោយ ​ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង