មេដឹកនាំកូរ៉េខាងជើងចេញដំណើរទៅជួបលោក ពូទីន ខណៈអាម៉េរិកត្រៀមទណ្ឌកម្មចាំស្រេច
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី១២ ខែកញ្ញានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ី តាមរថភ្លើងផ្ទាល់ខ្លួនរបស់លោក អមដោយមន្ត្រីឧស្សាហកម្មអាវុធកំពូលព្រមទាំងអ្នកការទូត និងមេបញ្ជាការយោធាផ្សេងទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា លោក គីម បានចេញដំណើរតាំងពីថ្ងៃទី១០កញ្ញា នៅក្នុងដំណើរទស្សនកិច្ចមួយដែលនឹងរួមបញ្ចូលកិច្ចប្រជុំជាមួយ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយបន្ថែមថា លោកត្រូវបានអមដំណើរដោយមន្ត្រីរដ្ឋាភិបាលកំពូល រួមទាំងបុគ្គលិកយោធាផងដែរ។ ក្នុងចំណោមគណៈប្រតិភូទាំងនោះ មានសមាជិកយោធាដ៏លេចធ្លោនៃបក្សកាន់អំណាច រួមមាន៖ លោក ចូ ជុន រីយ៉ុង Jo Chun Ryong ប្រធាននាយកដ្ឋានឧស្សាហកម្មអាវុធ ខណៈអ្នកវិភាគម្នាក់លើកឡើងថា ដំណើរទស្សនកិច្ចនេះ នឹងផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងកិច្ចការសន្តិសុខ។ ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូមួយថា ដំណើររបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី និងការជួបពិភាក្សាជាមួយលោក ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ។ យោងតាមលោក ប៉េស្កូវ ប្រធានបទសំខាន់នៃកិច្ចពិភាក្សានឹងជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបន្ថែមថា៖ «យើងនឹងបន្តពង្រឹងមិត្តភាពរបស់យើង»។ ទន្ទឹមគ្នានោះ សហរដ្ឋអាម៉េរិកបានគំរាមថា នឹងអនុវត្តទណ្ឌកម្មដែលមានស្រាប់ និងបន្ថែមទណ្ឌកម្មថ្មី ប្រសិនបើទីក្រុងព្យុងយ៉ាងផ្តល់អាវុធដល់ក្រុងម៉ូស្គូសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក ម៉ាតធូ មីល័រ (Matthew Miller) បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាម៉េរិកនឹងបន្តដាក់គំនាបលើអង្គភាពដែលជួយយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ឱ្យទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ លោក មីល័រ បានប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំសូមរំឭកដល់ប្រទេសទាំងពីរថា ការផ្ទេរសព្វាវុធពីកូរ៉េខាងជើងទៅរុស្ស៊ី នឹងបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាការពិតណាស់ ពួកយើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងចាស់ដៃប្រឆាំងនឹងអង្គភាពដែលផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី ហើយយើងនឹងបន្តអនុវត្តទណ្ឌកម្មទាំងនោះ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មថ្មីឡើយ ប្រសិនបើយល់ថាសក្តិសម»។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ថា តើអាម៉េរិកនឹងដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ឬប្រទេសរុស្ស៊ី ឬលើប្រទេសទាំងពីរនោះទេ ប៉ុន្តែលោកបានអះអាងថា អាម៉េរិកកំពុងតាមដានស្ថានការណ៍ ហើយនឹងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំនេះយ៉ាងដិតដល់ មុននឹងចាត់វិធានការណាមួយ។ ទាំងរុស្ស៊ី និងកូរ៉េខាងជើង កំពុងស្ថិតក្រោមទណ្ឌកម្មធ្ងន់ធ្ងររបស់អាម៉េរិក។ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា លោក ពូទីន និងលោក គីម គ្រោងនឹងជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ៕ សម្រួលដោយ ទៀង បុណ្ណរី