សាលា ACE ទទួលបានពានរង្វាន់ឆ្នើមពីរលើគំនិតផ្តួចផ្តើមកិច្ចការសង្គម
ការទទួលពានរង្វាន់នូវឯ the 15th Annual Global CSR Summit & Awards នៃទីក្រុងដាណាង ប្រទេសវៀតណាម
នេះជាឆ្នាំដ៏ឆ្នើមមួយទៀតសម្រាប់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាលដែលទទួលបានពានរង្វាន់ ២ លើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្នុងកម្មវិធី CSR Global Summit and Awards ប្រចាំឆ្នាំលើកទី ១៥ ដែលប្រារព្ធធ្វើឡើងចុងខែសីហា នៅទីក្រុង ដាណាង ប្រទេស វៀតណាម។ ពានរង្វាន់ទាំងនោះស្ថិតនៅក្នុងកម្មវិធីសហគមន៍ល្អបំផុត និងឧត្តមភាពក្នុងការផ្តល់អក្ខរកម្ម និងវិស័យអប់រំ។ នេះជាលើកទី៣ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះដែលសាលា ACE ត្រូវបានគេទទួលស្គាល់សម្រាប់ការរួមចំណែកក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជននៅក្នុង ប្រទេសកម្ពុជា និងក្នុងតំបន់។ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education នៅកម្ពុជា និងជានាយកសាលា ACE បានលើកឡើងថា៖ “កិច្ចការជួយសង្គម គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តចូលរួមសហគមន៍ប្រចាំឆ្នាំរបស់ ACE និងគំនិតផ្តួចផ្តើមសង្គមជាអាទិភាព ដើម្បីលើកកម្ពស់អនាម័យនៅសាលារៀនជនបទ ការការពារបរិស្ថាន និងការទទួលបានការអប់រំ។ កិច្ចការទាំងនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធផ្ទាល់នោះទេ ប៉ុន្តែបន្ថែមលើសពីនេះសកម្មភាពជួយកិច្ចការសង្គមទាំងនេះមានឥទ្ធិពលផ្លាស់ប្តូរលើផ្នត់គំនិតរបស់មនុស្សរាប់ពាន់នាក់ដោយការបណ្តុះនូវការយល់ដឹង និងចែករំលែកចំណេះដឹងផ្សេងៗ តាមរយៈបណ្តាញក្រុមការងារ និងក្រុមគ្រួសារ។” ក្នុងឆ្នាំ ២០១៣ លោកនាយក ម៉ៅ ស្រេង បានបង្កើតគណកម្មាធិការសង្គម ACE ជាយន្តការរៀបចំរចនាសម្ព័ន្ធសម្របសម្រួលព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកកម្ពស់គម្រោងនានាដូចជាការទទួលបានការអប់រំប្រកបដោយគុណភាពនៅទូទាំងប្រទេសកម្ពុជា តាមរយៈអាហារូបករណ៍ កម្មវិធីបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ សុខុមាលភាពសិស្ស និងជម្រុញឲ្យមានភាពចម្រុះព្រមទាំងយុទ្ធនាការដទៃផ្សេងទៀតក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងលើកកម្ពស់និរន្តរភាពបរិស្ថាននៅតំបន់ដាច់ស្រយាល។ សម្រួលដោយ ទៀង បុណ្ណរី