ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៥៥៩នាក់ទៀត

TNM(បាងកក) ៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃនៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះរហូតដល់៥៥៩នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺម្នាក់ទៀតស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។

ពេលនេះអាជ្ញាធរថៃកំពុងស្វះស្វែងដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈករណីឆ្លង COVID-19 បានឆ្លងចូលខេត្តមួយចំនួនទៀត ក្នុងនោះខេត្តកូរ៉ាត បានប្រកាសរកឃើញរហូតដល់ទៅ ១៧ករណីនៅថ្ងៃសុក្រនេះ និងខេត្តជាច្រើនទៀត កំពុងតាមដានរកអ្នកពាក់ព័ន្ធ។

បើអាជ្ញាធរខាងលើបាននិយាយថា យ៉ាងហោចណាស់មន្ទីរពេទ្យចំនួន ១២ នៅក្នុងទីក្រុងបាងកក នៃ បានសម្រេចផ្អាកទទួលការធ្វើតេស្តរក COVID-19 ជាបណ្តោះអាសន្ន ព្រោះតែតម្រូវការនៃការធ្វើតេស្ត បាននិងកំពុងកើនឡើងយ៉ាងគំហុក ដែលជាហេតុនាំឲ្យខ្វះខាតគ្រឿងបរិក្ខារពេទ្យយ៉ាងខ្លាំង។

មន្ទីរពេទ្យចំនួន១២ នៅទីក្រុងបាងកកដែលបានប្រកាស ផ្អាកទទួលការធ្វើតេស្តរក COVID-19 ខាងលើនេះ គឺត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម និង App ទូរស័ព្ទ ដោយមន្ទីរពេទ្យខ្លះបានសម្រេចផ្អាកតែពីរទៅបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែខ្លះទៀតគឺមិនបានបញ្ជាក់ អំពីពេលថ្ងៃកំណត់ជាក់លាក់ នៃការផ្អាកនោះឡើយ។

ទីក្រុងបាងកកត្រូវបានគេដឹងថា ជាចំណុចផ្ទុះឡើងនៃរលកថ្មី COVID-19 នៅក្នុងខែមេសានេះតែម្តង តាមរយៈក្លឹបកម្សាន្តមួយដែលមនុស្សម្នា បានទៅចូលរួមយ៉ាងកកកុញ។

សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣០,៨៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ៩៦នាក់ និងជាសះស្បើយឡើងវិញ ២៨,១២៨នាក់៕

អត្ថបទដែលជាប់ទាក់ទង