នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជធ្លាក់តំណែងមកជាមន្ត្រីធម្មតា បន្ទាប់ពីស្រាវជ្រាវឃើញមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃបានប្រកាសដកហូតមុខតំណែងមេប៉ុស្តិ៍ម្នាក់នៅឃុំសំពោជ ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យពិនិត្យ និងស្រាវជ្រាវបន្ទាន់ លើករណីតែងតាំងមេប៉ុស្តិ៍ ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ។ក្នុងប្រការ១នៃសេចក្តីសម្រេច ស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖«ដកហូតមុខតំណែងចំពោះអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឱ្យមកជាមន្ត្រី។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ បទឧក្រិដ្ឋដែលបុគ្គលខាងនេះ បានប្រព្រឹត្តគឺជាករណីប្លន់ទូមាស ដែលអាជ្ញាធរសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបំបែកសំណុំរឿងករណីប្លន់នេះ បាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ គឺទី១.ឈ្មោះ ហុង សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ និងទី២.ឈ្មោះ មាន រ៉េន ភេទប្រុស អាយុ៤៧ឆ្នាំ។ ជនសង្ស័យ២ទាំងពីរនាក់រស់នៅភូមិជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ហើយបន្ទាប់ពីសួរចម្លើយជនសង្ស័យរួច សមត្ថកិច្ចបានឈានទៅដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ៣គ្រឿង ក្នុងនោះមានម៉ូតូមួយគ្រឿង ជារបស់ឈ្មោះ អ៊ិន ស៊ីផាន ភេទស្រី ដែលក្រុមចោរបានយកទៅអំឡុងពេលប្លន់ និងម៉ូតូ២គ្រឿងទៀត ជាម៉ូតូធ្វើសកម្មភាពប្លន់តែម្ដង។ គួររំលឹកផងដែរថា កាលពីម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើទំព័រហ្វេសប៊ុកដោយភ្ផាប់ខ្លឹមសារថា៖«ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ (និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ) ខ្ញុំបានចេញបទបញ្ជាទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។ ខ្ញុំសូមឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។ ក្រោយមានការណែនាំពីនាយករដ្ឋមន្រ្តីបែបនេះហើយ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា រាល់ក្រសួងទាំងអស់នឹងមានការត្រួតពិនិត្យ និងវាយតម្លៃបុគ្គលនីមួយៗយ៉ាងហ្មត់ចត់មុននឹងជ្រើសរើសឱ្យបម្រើការងារជាមន្ត្រីរាជការ ឬតែងតាំងផ្សេងៗ ទាំងថ្នាក់ជាតិ និងក្រោមជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី