អ្នកនាំពាក្យក្រសួងសុខាភិបាលស្នើអាជ្ញាធរសម្រួលឲ្យពលរដ្ឋឆ្លងកាត់តំបន់ហាមឃាត់មកចាក់វ៉ាក់សាំងលើកទី២កន្លែងដដែល
TNM(ភ្នំពេញ) ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានស្នើសុំទៅអភិបាលរាជធានីខេត្តឱ្យជួយសម្រួលដល់អ្នកចាក់វ៉ាក់សាំងលើកទី១រួចហើយនោះ ឱ្យបានទៅចាក់វ៉ាក់សាំងលើកទី២នៅកន្លែងដដែល។
លោកជំទាវស្នើបែបនេះក្រោយមានប្រជាពលរដ្ឋធ្វើស្នើសុំមកក្រសួងលើបញ្ហាពួកគាត់ដល់វេនចាក់វ៉ាក់សាំងលើកទី២ ប៉ុន្ដែពួកគាត់ជាប់គាំងនៅតាមទីតាំងមួយចំនួនដែលជាតំបន់បម្រាមគោចរធ្វើឲ្យពិបាកទៅចាក់វ៉ាក់សាំង លើកទី២។ លោកជំទាវបានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ ត្រូវតែធ្វើឡើងនៅទីតាំង និងកន្លែងដូចគ្នា។ ពោលបើកចាក់លើកទី១ នៅកន្លែងណា លើកទី២ ត្រូវតែចាក់នៅកន្លែងដដែលនោះ។
បើតាមលោកស្រី ឱ វណ្ណឌីន ការធ្វើបែបនេះដោយយោងលើហេតុផលសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១៖ ទិន្នន័យលោកអ្នកនៅទីនោះស្រាប់
២៖ វ៉ាក់សាំងលើកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លើកទី១ដែរ
៣៖ ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វើនៅកន្លែងចាក់លើកទី១ ដើម្បីបញ្ជាក់ថាអ្នកដែលបានចាក់លើកទី១ បានមកចាក់លើកទីពីរហើយឫនៅ?
៤៖ ចៀសវាងភាពច្របូកច្របល់នឹងការផ្ទេវ៉ាក់សាំងចុះឡើងពីកន្លែងមួយទៅកន្លែង ដែលធ្វើឱ្យខូចវ៉ាក់សាំងទៅវិញ
៥៖ នៅកន្លែងចាក់លើកទី១ គ្រូពេទ្យបានជម្រាបរួចហើយ គួរតែលោកអ្នកដឹងថា ខ្លួនត្រូវធ្វើយ៉ាងណាហើយ ដើម្បីចាក់លើកទីពីរបានត្រឹមត្រូវ។
ជាមួយគ្នានោះ លោកជំទាវក៏បានណែនាំថា រាល់អ្នកចាក់វ៉ាក់សាំងសុទ្ធតែមានបណ្ណបញ្ជាក់ពីការចាក់លើកទី១ ដូច្នេះអាជ្ញាធរអាចផ្ទៀងផ្ទាត់លើបណ្ណនេះ ដើម្បីអនុញ្ញាតឱ្យគាត់បានធ្វើដំណើរឆ្លងកាត់ ដើម្បីបានទៅចាក់វ៉ាក់សាំងលើកទី២៕