អគ្គិភ័យឆាបឆេះសិប្បកម្មកែច្នៃកៅអីមួយកន្លែង អស់ទាំងស្រុង នៅខណ្ឌច្បារអំពៅ

ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​កៅអី​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៩ និង ៥០ នាទី​យប់ ថ្ងៃ​សុក្រ ទី ០៨ ខែ​កញ្ញា ឆ្នាំ ២០២៣ នៅ​ចំណុច​សិប្បកម្ម​កែច្នៃ​កៅអី ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។   ម្ចាស់​ទីតាំង​ឈ្មោះ សុខា វិសាល ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ​ខ្មែរ ជា​ម្ចាស់​សិប្បកម្ម។ ទីតាំង​ខាង​លើ​មាន​ទំហំ ១០ ម៉ែត្រ X៣០ ជា​ប្រភេទ​សំណង់​ដែក​ប្រក់​ស័ង្កសី។  សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ក្រុម​ពន្លត់ និង​បង្ការ​គ្រោះ​អគ្គិភ័យ ចេញ​រថយន្ត​ជា​ច្រើន​គ្រឿង ដើម្បី​ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ។ ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ការ​គ្រោះ​អគ្គិភ័យ​ខាង​លើ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​កា​រិ​.អគ្គិភ័យ​ចំនួន ១២ គ្រឿង ទឹក​អស់ ២៤ ឡាន ស្មើ​នឹង ៩៦ ម៉ែត្រគូប ,រថយន្ត​ជំនួយ​:​រថយន្ត​ក្រសួងមហាផ្ទៃ ០៣ គ្រឿង ពុំបាន​ប្រើប្រាស់​ទឹក ,រថយន្ត​សាលា​ខណ្ឌ​ច្បារអំពៅ ០១ គ្រឿង ប្រើប្រាស់​ទឹក ០១ ឡាន ស្មើ​នឹង ០៤ ម៉ែត្រគូប ,រថយន្ត​ទីក្រុង​ន​រា ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០២ ឡាន ស្មើ​នឹង ០៨ ម៉ែត្រគូប , រថយន្ត​បុរី​ប៉េង​ហួត ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០២ ឡាន ស្មើ​នឹង ១២ ម៉ែត្រគូប។ រហូត​ទៅដល់​ម៉ោង ១១ និង ៣០ នាទី​យប់ នា​ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ដោយ​មិន​មាន​មនុស្ស​រង​របួស​នោះ​ទេ និង​មិន​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ។  ចំពោះ​ទីតាំង​ខាង​លើ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សម្ភារៈ​ទាំងស្រុង ដោយឡែក​មូលហេតុ​វិញ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង