កូរ៉េខាងជើងប្រារព្ធថ្ងៃកំណើតប្រទេស ប្តេជ្ញារឹតចំណងមិត្តភាពជាមួយចិននិងរុស្ស៊ីឱ្យកាន់តែស៊ីជម្រៅ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រារព្ធខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ ជាមួយនឹងក្បួនដង្ហែនៃក្រុមកងទ័ព ហើយប្តេជ្ញាថានឹងធ្វើឱ្យទំនាក់ទំនងជាមួយមហាយក្សចិន និងមហាអំណាចនុយក្លេអ៊ែររុស្ស៊ីកាន់តែស៊ីជម្រៅ…។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង បានសម្លឹងមើលក្បួនដង្ហែនៅឯទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង និងបានជួបពិភាក្សាជាមួយគណៈប្រតិភូចិនដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះផងដែរ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានផ្ញើលិខិតមួយដោយបង្ហាញឆន្ទៈរបស់លោកក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក គីម ដោយបានប្តេជ្ញាថា ប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគី ដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងអាស៊ីឦសាន។ មេដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងមូស្គូ ដើម្បីគាំទ្រការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន។គួរបញ្ជាក់ថា កូរ៉េខាងជើងបានបន្ថែមកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន រួមជាមួយនឹងក្រុមប៉ារ៉ាយោធា យោធាបម្រុង និងកងសន្តិសុខជាច្រើនដូចជា កងឆ្មាំក្រហម(WPRG) ជាដើម៕ សម្រួលដោយ ទៀង បុណ្ណរី