ម្តាយចុះជួសសន្ទូងក្នុងស្រែ កូនជ្រកភ្លៀងក្នុងរោង ត្រូវរន្ទះបាញ់ស្លាប់
ក្មេងប្រុសម្នាក់ដែលទើបមានអាយុ ៧ ឆ្នាំ ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម ខណ:ដែលក្មេងប្រុសរូបនេះកំពុងអង្គុយចាំម្តាយនៅក្នុងរោងស្រែដើម្បីជ្រកភ្លៀង។ ករណីគ្រោះធម្មជាតិនេះបានកើតឡើង កាលពី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣ រសៀល នៅចំណុចកណ្តាលវាលស្រែ ក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុក មោងឫស្សី ខេត្ត បាត់ដំបង។ លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា នៅមុនពឹលកើតហេតុ គឺក្មេងប្រុសរងគ្រោះ ឈ្មោះ រិទ្ធី ភុន អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានចុះទៅស្រែជាមួយម្តាយ និងជីដូន ខណ:ដែលមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ។ លោកអធិការបានបន្តថា នៅពេលទៅដល់វាលស្រែ ជីដូន និងម្តាយ ក៏បានចុះស្រែដើម្បីដើរជួសស្រូវសន្ទូងដែលនៅឆ្លោះៗ រីឯក្មេងប្រុសក៏បានចូលទៅអង្គុយជ្រកភ្លៀងនៅក្នុងរោងស្រែក្រោមដើមអំពិល ក៏ស្រាប់តែមានរន្ទះដ៏កំណាចមួយបានបាញ់ទៅលើក្មេងប្រុសបណ្តាលឱ្យស្លាប់នៅក្នុងរោងនោះតែម្តង។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចក៏បានចុះទៅពិនិត្យដល់កន្លែង និងបានបញ្ជាក់ថា គឺពិតជាកើតឡើងដោយគ្រោះធម្មជាតិយ៉ាងពិតប្រាកដ៕ សម្រួលដោយ ទៀង បុណ្ណរី