អាជ្ញាធររៀបចំវង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង ដើម្បីឱ្យភ្ញៀវទេសចរមានកន្លែងទស្សនាកាន់តែច្រើន
ខេត្តសៀមរាប៖ ដោយសង្កេតឃើញចំនួនភ្ញៀវទេសចរភាគច្រើន បាននាំគ្នាឡើងទៅគយគន់ថ្ងៃរះ និងថ្ងៃលិច នៅលើកំពូលប្រាសាទភ្នំបាខែង ថ្មីៗនេះអាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀត ដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនា ក៏ដូចជាបង្កើតជាជម្រើសសម្រាប់ទេសចរណ៍ និងផ្ដល់ជូនភ្ញៀវទេសចរនូវបទពិសោធថ្មីៗ។ នេះបើយោងតាមការឱ្យដឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣..។ ប្រធានភ្នាក់ងារទេសចរណ៍ នៅប្រាសាទភ្នំបាខែងលោក ហ៊ុត សុភាព បានមានប្រសាសន៍ថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់ប្រាសាទតែម្ដង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ភ្ញៀវអាចឈប់សម្រាកតាមផ្លូវសុវត្ថិភាពដែលអាជ្ញាធរជាតិអប្សរា បានរៀបចំជាច្រើនទីតាំង។ កន្លែងទាំងនោះសុទ្ធតែអាចផ្តិតយករូបភាពនានា ដូចជាគោលដៅទី១ អាចថតប្រាសាទបក្សីចាំក្រុង និងគោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវអាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល។ រីឯខ្សែទស្សនាបន្ត បន្ទាប់ពេលទៅដល់លើភ្នំមានរានហាលមួយទៀតសម្រាប់ឱ្យទេសចរទស្សនាថ្ងៃរះ និងថ្ងៃលិចច្បាស់ៗតែម្ដង។ បន្ទាប់ពីភ្ញៀវឡើងទៅដល់កំពូលភ្នំ គឺនៅមានខ្សែទស្សនាបន្តទៀត ដោយភ្ញៀវអាចដើរទស្សនាទៅតាមវង់ដែលអាជ្ញាធរបានរៀបចំកន្លែងសំខាន់ៗមួយចំនួនដូចជា រៀបចំឱ្យភ្ញៀវមើលឃើញកំពូលប្រាសាទអង្គរវត្ត ភ្ញៀវអាចទៅទស្សនា ពុទ្ធបាទ រួចតម្រង់ឡើងទៅលើភ្នំតែម្ដងចាប់ពីទិសខាងកើត។ ក្រសួងវប្បធម៌ បញ្ជាក់បន្ថែមថា ការដែលអាជ្ញាធរជាតិអប្សរារៀបចំវង់ទស្សនាបែបនេះក្នុងបំណងចង់ឱ្យភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធច្រើន តាំងពីការចាប់ផ្ដើមដើរឡើងភ្នំរហូតដល់លើកំពូលភ្នំ ពោលគឺធ្វើឱ្យភ្ញៀវអាចមើលឃើញប្រាសាទបក្សីចាំក្រុង និងឃើញទិដ្ឋភាពបារាយណ៍ខាងលិចទាំងមូល ឃើញកំពូលប្រាសាទអង្គរវត្ត ហើយជាពិសេសនោះ គឺពេលភ្ញៀវឡើងដល់កំពូលភ្នំ មើលឃើញទិដ្ឋភាពទីក្រុងសៀមរាប ព្រមទាំងឃើញព្រៃឈើទាំងមូលដែលស្ថិតនៅជុំវិញភ្នំបាខែង។ គួរបញ្ជាក់ដែរថា ផ្អែកតាមក្រសួង ក្នុងការរៀបចំវង់ទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរា ក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពផងដែរ។ ដោយអាជ្ញាធរ និងកាត់លះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ដូច្នេះអាជ្ញាធរសង្ឃឹមនិងជឿជាក់ថាមគ្គទេសក៍ទេសចរណ៍ នាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ៕ សម្រួលដោយ ទៀង បុណ្ណរី