រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​​មូលហេតុ​មិន​ឲ្យ​​សាង​សង់​ទំនប់វារីអគ្គិសនីតាម​ដង​ទន្លេ​មេគង្គ​

ក្នុង​ជំនួប​ជា​មួយ​និស្សិត​អាហារូបករណ៍​​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ីកាលពីម្សិលមិញនេះ លោក​ កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និង​ថាមពល​ បានលើកពីបញ្ហាចម្បង​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​សម្រេចមិន​​អនុញ្ញាតិ​ឲ្យមានការ​សាង​សង​ទំនប់​វារី​អគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​​ដើម្បី​បញ្ចៀស​ក្តីមហន្តរាយ​ និង​​ប៉ះពាល់ដល់​បរិស្ថាន។  លោក​ កែវ រតនៈ បាន​លើក​ឡើង​ថា នៅ​តាមដងទន្លេផ្នែក​ខាងលើ​​ដូចជា​នៅខេត្តក្រចេះ និង​ស្ទឹងត្រែង ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ចង់ផលិត​​ភ្លើង​អាច​​បង្កើត​វារី​អគ្គិសនី​បាន​ច្រើនកន្លែង អាច​ផលិត​​​ថាមពលអគ្គិសនី​​បាន​ពី​ ៨០០ ទៅ​ ១០០០ ​មេហ្គាវ៉ាត់​ សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែក្នុងនាម​​ជា​អ្នក​កាន់​គោល​នយោបាយ​របស់​ជាតិ ​​​រដ្ឋាភិបាល​មិន​អាច​​គិត​​តែ​មួយ​ជ្រុង​​នោះទេ។  លោក កែវ រតនៈ សង្កត់ធ្ងន់ថា «មិន​មែន​យើង​មិន​ចង់​បាន​ភ្លើង​​ប្រើប្រាស់​​នោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​គិត​ដល់​ពី​ផល​ពិបាក​ដូច​គ្នា។ នៅ​​សំបូរ​ក្នុង​ខេត្តក្រចេះ ក៏​ដូចជា​នៅ​ខេត្ត​ស្ទឹងត្រែង​​ ​រដ្ឋាភិបាល​ប្ដូរផ្ដាច់​មិន​ប៉ះពាល់ដល់​តួឬ​ដង​ទន្លេ​មេគង្គ​​ជា​​ដាច់​ខាត ដើម្បីការពារ​កុំ​ឲ្យកើត​មាន​ការ​​ជន់​​លិចនៅ​តំបន់​ស្ទឹង​ត្រែង​ និង​​ចរាចរណ៍​សត្វ​ផ្សោត និង​ត្រីជាដើម»។  លោកថា​ប្រទេស​ផ្សេងៗ មាន ចិន ឡាវ មីយ៉ាន់ម៉ា បាន​ប្រើប្រាស់​ដងទន្លេ​ទាញប្រភព​អគ្គិសនី​​ តែ​រដ្ឋាភិបាល​គិតគូរដល់​​បរិស្ថាន ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទើបប្តូរ​ផ្តាច់​មិន​ប៉ះពាល់​ដាច់ខាត។  យ៉ាងណាមិញ បើ​តាម​លោក​រដ្ឋមន្រ្តី រដ្ឋាភិបាលប្រឹងប្រែង​គ្រប់មធ្យោបាយ​​ធ្វើ​យ៉ាងណា​ឲ្យ​​ពលរដ្ឋ​មាន​ភ្លើង​ប្រើប្រាស់​គ្រប់​គ្រាន់​ មាន​ស្ថិរភាព មាន​តម្លៃ​សមរម្យ​​និង​អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​។ ក្រៅពីផ្គត់ផ្គង់​ឲ្យ​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ រដ្ឋាភិបាល​ក៏​គិត​ពី​បញ្ហាតម្លៃ​ និង​កិច្ចការ​​សន្តិសុខ​ជាតិ​។ មួយ​វិញ​ទៀត ក៏​ត្រូវ​​រក្សា​តុល្យភាព​​កុំឲ្យ​ប៉ះពាល់​ដល់​​បរិស្ថាន និង​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង