ដាំទឹកកំសៀវក្នុងភ្លើងចង្ក្រានបណ្ដាលឲ្យឆេះផ្ទះស្លាប់ជីដូនអាយុ៩៦ឆ្នាំម្នាក់យ៉ាងអណោចអធម
TNM(ខេត្តពោធិ៍សាត់)៖ ផ្ទះមួយខ្នងត្រូវអគ្គីភ័យឆាបឆេះខូចខាតអស់ទាំងស្រុង ព្រមទាំងឆក់យកជីវិតជីដូនចាស់ជរាម្នាក់ដែលជាម្ចាស់ផ្ទះ ឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមទៀតផង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០៨ខែមេសាឆ្នាំ២០២១ នៅភូមិពោធិ៍ដំណាក់ ឃុំវាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចឲ្យដឹងថា ផ្ទះដែលក្លាយជាចំណីអគ្គីភ័យនេះ មានទំហំ០៤មគុណ០៥ម ធ្វើអំពីឈើក្រាលក្ដារ ប្រក់ស័ង្កសី ជញ្ជាំងស័ង្ហសីលាយក្ដារ ត្រូវឆេះអស់ទាំងស្រុងតែម្ដង ហើយម្ចាស់ផ្ទះដែលស្លាប់ឈ្មោះ រំដួល សួន ភេទស្រី អាយុ៩៦ឆ្នាំ រស់នៅឯកោម្នាក់ឯង ។ ក្នុងហេតុការណ៍ដ៍រន្ធត់នេះយើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន០២គ្រឿង គឺរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់មួយគ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងមួយគ្រឿង អស់ទឹកចំនួន០២រថយន្ដទើបទ្រោលសភាពការណ៍បានទាំងស្រុង។ សមត្ថកិច្ចឲ្យដឹងថា ទីតាំងកន្លែងកើតហេតុមានផ្លូវតូចចង្អៀត ធ្វើឲ្យរថយន្ដពន្លត់អគ្គីភ័យមានការលំបាកក្នុងការចូលទៅអន្ដរាគមន៍ ។ ទោះបីមិនបានជួយសង្គ្រោះទាន់ពេលវេលាក៍ពិតមែន ប៉ុន្តែយើងបានបាញ់ពន្លត់ទាំងស្រុងនៅនឹងកន្លែងកើតហេតុ បើមិនដូច្នេះទេអគ្គីភ័យនឹងរាលឆេះទៅដល់ផ្ទះអ្នកជិតខាងជុំវិញនោះកាន់តែធ្ងន់ធ្ងរថែមទៀតជាក់ជាមិនខាន។
តាមការផ្ដល់ព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា ជីដូនឈ្មោះ រំដួល សួន ដែលស្លាប់ក្នុងគ្រោះអគ្គីភ័យនេះ គាត់រស់នៅម្នាក់ឯង គ្មានប្ដីសី កូនចៅ រឺបងប្អូននោះទេ។ សព្វថ្ងៃគាត់រស់បានដោយសារអ្នកជិតខាងជួយផ្ដល់បាយសម្លឲ្យ ក្រៅពីនេះបានការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសប្បុរសជនមួយចំនួនទៀត។ ពុំមានអ្នកណាដឹងមូលហេតុច្បាស់លាស់នោះទេ លុះពេលភ្លើងឆេះសន្ធោសន្ធៅទៅហើយទើបផ្អើលដល់អ្នកជិតខាង។
អ្នកស្រុកអ្នកភូមិមានការសង្ស័យថា ករណីភ្លើងឆេះផ្ទះនៅភូមិពោធិ៍ដំណាក់ឃុំវាលស្រុកកណ្ដៀងនេះ អាចបណ្ដាលមកពីភ្លើងចង្ក្រាន ព្រោះតាមទម្លាប់រាល់ពេលរសៀលលោកយាយ(ជនរងគ្រោះ)គាត់តែងតែបង្កាត់ភ្លើងដាំទឹកកំសៀវ និងដាំបាយ។ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកស្រុកប៉ុណ្ណោះ ការពិតយ៉ាងណានោះគឺស្ថិតនៅលើការស្រាវជ្រាវរបស់សមត្ថកិច្ច ៕




