ក្មេងស្រីម្នាក់ កើតជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ាងធំ ពីកំណើត ពិបាកដកដង្ហើម រីកបេះដូង ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះជោគជ័យ

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ សង្គ្រោះ​ជីវិត ក្មេង​ស្រី អាយុ ១២ ឆ្នាំ ម្នាក់ ដែល​កើត​ជំងឺ​ប្រហោង​សន្ទះ​ថត​លើ​បេះដូង​យ៉ាង​ធំ​ពី​កំណើត (Large ASD) ពិបាក​ដកដង្ហើម និង​រីក​បេះដូង រហូត​ជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ស្នាមញញឹម​ជាមួយ​ឪពុកម្ដាយ។  នៅ​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ យោង​តាមរយៈ​ផេក​ហ្វេស​ប៊ុក Dr. Beat Richner បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី អាយុ ១២ ឆ្នាំ ម្នាក់ មកពី​ខេត្ត​កោះកុង មាន​ជំងឺ​ប្រហោង​សន្ទះ​ថត​លើ​បេះដូង​យ៉ាង​ធំ​ពី​កំណើត (Large ASD) បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម និង​រីក​បេះដូង នាង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឯកទេស​វះកាត់​បេះដូង​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ជួយ​សង្គ្រោះ ដោយ​ធ្វើការ​វះកាត់​ភ្ជិត​ប្រហោង​បេះដូង​បាន​ជោគជ័យ។   ផេក​ហ្វេស​ប៊ុក ដដែល បញ្ជាក់​ថា នេះ​ជា​ករណី​ទី ១៥៨៤ ហើយ​ថ្ងៃនេះ ក្មួយ​ស្រី​ខាង​លើ បាន​ជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ស្នាមញញឹម​ជាមួយ​ឪពុកម្ដាយ​នាង។  ជាមួយ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​បាន​អរគុណ​មូលនិធិ​គន្ធបុប្ផា​ស្វីស និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ព្រមទាំង​សប្បុរសជន​គ្រប់ៗ រូប ដែល​តែងតែ​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង