ឥណ្ឌូណេស៊ីស្នើកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការឆបោកតាមអ៊ីនធឺណិត

ជំនួបសម្តែងការគួរសមរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃទី៤កញ្ញា នៅទីក្រុង​ហ្សាការតា។ នាជំនួបនោះ មេដឹកនាំវ័យក្មេងដែល​ពោរ​ពេញ​ដោយ​សមត្ថភាពរបស់កម្ពុជា និងលោក វីដូដូ បានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម, ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ឬការក្លែងបន្លំតាមប្រព័ន្ធអនឡាញ ក្រោយលេចធ្លាយព័ត៌មានពីជនរងគ្រោះ។ នេះបើយោងតាមក្រសួងការបរទេសឥណ្ឌូណេស៊ី ទម្លាយចេញ…។  ក្រសួងការបរទេសឥណ្ឌូណេស៊ី បានបង្ហាញថា មេដឹកនាំទាំង២ បានពិភាក្សាអំពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារពលរដ្ឋឥណ្ឌូណេស៊ី ជាពិសេស អ្នកដែលបានក្លាយជាជនរងគ្រោះនៃការបោកប្រាស់តាមអ៊ីនធឺណិត ឬការក្លែងបន្លំតាមអ៊ីនធឺណិត។ ភាគី​កម្ពុជា​មិន​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​ជា​ពិសេស​ក្នុង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នេះ​ទេ ដោយ​គ្រាន់តែបង្ហាញថា ប្រមុខដឹកនាំប្រទេសទាំងពីរ បាន​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​បាន​និយាយ​អំពី​សេដ្ឋកិច្ច និង​អាជីវកម្ម។ សូមបញ្ជាក់ថា ក្នុងជំនួប​កាល​ពី​ថ្ងៃ​ទី៤កញ្ញា នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហ្សាការតា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថា ចាប់ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ ករណីពាក់ព័ន្ធនឹងពលរដ្ឋឥណ្ឌូណេស៊ីចំនួន៧៧៧នាក់ ត្រូវបានដោះស្រាយនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ៥១៥នាក់ លើករណីពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត។ លោក វីដូដូ បានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នអនុវត្តច្បាប់។  ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំថា៖«នេះគឺជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ មិនត្រឹមតែទាក់ទងនឹងការនាំចូល និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើបញ្ហាសន្តិសុខស្បៀងផងដែរ»។ ជាងនេះទៅទៀត លោកស្រី រ៉េតណូ បានលើកឡើងក្នុងកិច្ចប្រជុំនោះថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកសិកម្មក៏ត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីកសិកម្មនៃប្រទេសទាំងពីរផងដែរ។ លោកស្រីបានបន្ថែមថា នៅក្នុងកិច្ចពិភាក្សា មេដឹកនាំនៃប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា បាននិយាយអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសរដ្ឋ (BUMN) នៃប្រទេសទាំង២។  អង្គការសហប្រជាជាតិបានអះអាងថា មនុស្សរាប់សែននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងត្រូវបានក្រុមឧក្រិដ្ឋជនបង្ខិតបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត ដែលជារឿយៗស្ថិតនៅក្រោមការគំរាមកំហែង នៃការធ្វើទារុណកម្ម។ នេះបើតាមរបាយការណ៍មួយពីអង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃអង្គារទី២៩សីហា ឆ្នាំ២០២៣។​ ការ​ប៉ាន់​ស្មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា អាចមាន​ចំនួន​ប្រហែល១០ម៉ឺន​នាក់ ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត។ ចំណែកនៅប្រទេសឡាវ ហ្វីលីពីន និងថៃ ស្ថិតក្នុងចំណោមប្រជាជាតិផ្សេងទៀតនៅក្នុងតំបន់ ដែលត្រូវបានកំណត់ថា ជាប្រទេសគោលដៅសំខាន់ៗរបស់ឧក្រិដ្ឋជន។ អង្គការសហប្រជាជាតិនិយាយថា ការ​ឆបោក​សរុប គិតជាទឹកប្រាក់អាចមានដល់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ក្នុងនោះអ្នករងគ្រោះពីការឆបោកតាមអ៊ីធឺណិត អាចមានពីគ្រប់ទីកន្លែងដូចជា ចិនដីគោក ហុងកុង តៃវ៉ាន់ នៅអាស៊ីខាងត្បូង និងនៅប្រទេសផ្សេងទៀតមកពីអាហ្វ្រិក និងអាម៉េរិកឡាទីន ជាដើម។ ចំណែក ជនរងគ្រោះដែលត្រូវគេបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ ភាគច្រើនជាបុរស បន្ទាប់មក គឺស្ត្រី និងសូម្បីតែយុវជនក៏ត្រូវបានគេបង្ខំដែរ។  ដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង ចាត់ទុករបាយការណ៍របស់អង្គការសហប្រជាជាតិ ធ្វើឡើងតាមអារម្មណ៍ ដោយពុំមានភាពច្បាស់លាស់។ លោកស្រីបានបញ្ជាក់​ថា ក្រុម​អ្នក​ជំនាញ​នឹង​សាក​សួរ​ទៅ​អង្គការ​សហ​ប្រជាជាតិអំពីរបាយការណ៍ខាងលើផងដែរ។ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា៖«យើងចង់ឃើញភស្តុតាងនៃមូលហេតុ ដែលពួកគេហ៊ាននិយាយថាមនុស្ស១សែននាក់ ជាជនរងគ្រោះនៅក្នុងកម្លាំងពលកម្មបោកប្រាស់ និងការជួញដូរមនុស្ស»។  ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃទី២៥ ខែកក្កដាថា ប៉ូលិសឥណ្ឌូណេស៊ីកំពុងស៊ើបអង្កេតការចោទប្រកាន់ពីការជួញដូរសរីរាង្គមនុស្សពាក់ព័ន្ធនឹងមន្ទីរពេទ្យកម្ពុជា។ ប៉ូលិស និងមន្ត្រីអន្តោប្រវេសន៍ត្រូវបានចោទប្រកាន់ថា បានជួយអ្នកជួញដូរបញ្ជូនជនជាតិឥណ្ឌូណេស៊ី១២២នាក់ឱ្យលក់ក្រលៀនរបស់ពួកគេ។ មនុស្ស១២នាក់ត្រូវបានចាប់ខ្លួន ប៉ូលិស​កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​នេះ…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង