ជប៉ុននឹងជួយ​ពង្រឹង​សមត្ថភាពដែនសមុទ្ទ និងបន្តចាក់គ្រឹះទំនាក់ទំនង​ជាមួយ​អាស៊ានឱ្យកាន់តែរឹងមាំ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា បាននិយាយនៅថ្ងៃពុធទី៦កញ្ញានេះថា ប្រទេសជប៉ុននឹងពង្រឹងការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងវិស័យចំនួនប្រាំមួយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការល្បាតដែនសមុទ្ទផងដែរ…។  នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់វេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) នៅទីក្រុងហ្សាការតា ដែលមានសមាជិកចំនួន១០ប្រទេស នៅសប្តាហ៍នេះថា ចំណាត់ការនេះកើតឡើងនៅពេលដែលចិនព្យាយាមអះអាងក្តោបក្តាប់ដែនទឹកដែលមានជម្លោះក្នុងតំបន់ដ៏រសើបនៃសមុទ្ទចិនខាងត្បូង។ លោកបានលើកឡើងថា៖«យើងនឹងអភិវឌ្ឍគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ នៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម»។ មិនត្រឹមតែប៉ុណ្ណោះ លោក គីហ្ស៊ីដា បានផ្តល់គំនិតផ្តួចផ្តើមថា ប្រទេសជប៉ុននឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់មនុស្សចំនួន៥ពាន់នាក់ក្នុងរយៈពេល៣ឆ្នាំខាងមុខ នៅក្នុងវិស័យចំនួន៦ ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការលើបណ្តាញអ៊ីនធឺណែត ក៏ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមានការសាងសង់កំពង់ផែសមុទ្ទ ផ្លូវថ្នល់ ផ្លូវដែក និងអាកាសយានដ្ឋានជាដើម។ អ្វីដែលជាចំណុចដ៏រសើបនោះ គឺថា  ប្រទេសជប៉ុន ក៏នឹងជួយបង្កើនសមត្ថភាពអនុវត្តច្បាប់ដែនសមុទ្ទ ដោយការបណ្តុះបណ្តាលបុគ្គលិកយោធានៅទីភ្នាក់ងារឆ្មាំឆ្នេរសមុទ្ទ និងប៉ូលិសល្បាតដែនសមុទ្ទ ក៏ដូចជាការផ្ដល់នាវាល្បាតផងដែរ។  បន្ទាប់ពីការថមថយនៃជំងឺរាតត្បាតនៃមេរោគឆ្លង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន លោក គីហ្ស៊ីដា ក៏បានបញ្ជាក់ផងដែរថា ប្រទេសជប៉ុននឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយតំបន់ ដើម្បីធានាបាននូវការចែកចាយទំនិញ និងសន្តិសុខស្បៀងអាហារប្រកបដោយស្ថិរភាព។ គួរបញ្ជាក់ថា ទីក្រុងតូក្យូគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ានក្នុងខែធ្នូ ដើម្បីអបអរសាទរខួប៥០ឆ្នាំនៃទំនាក់ទំនងរវាងជប៉ុន-អាស៊ាន៕    សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង