អ្នកស្រី អាន សុវណ្ណនី បង្កើតសិប្បកម្មកែច្នៃឬស្សី​ទទួលបានការគាំទ្រខ្លាំង​ពីអ្នកប្រើប្រាស់

អ្នកស្រី អាន សុវណ្ណនី បានបង្កើតសិប្បកម្មឬស្សីខ្មែរ ដើម្បីកែច្នៃដើមឬស្សីធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ ដូចជា គ្រឿង​សង្ហារឹម តុ ទូ កៅអី សាឡុង ជាដើម ដើម្បីលើកតម្កើងផលិតផលខ្មែរ ផ្គត់ផ្គង់ទីផ្សារ និងបង្កើតការងារក្នុងស្រុក។  បើតាមអ្នកស្រី សុវណ្ណនី មូលហេតុដែលបណ្តាលឱ្យចាប់អាជីពនេះ ដោយសារអ្នកស្រី មើលឃើញពីការ​កាប់​បំផ្លាញឬស្សីចោលជាច្រើន និងដើម្បីចូលរួមជួយកាត់បន្ថយការប្រើប្រាស់ឈើផ្សេងៗ ហើយក៏​ជំរុញ​ឱ្យអ្នក​ភូមិងាក​មកដាំឬស្សីឡើងវិញផងដែរ។  អ្នកស្រីបានលើកឡើងទៀតថា ឆ្លងកាត់ការប្រើប្រាស់សាកល្បងអស់រយៈពេលជាង ៦ឆ្នាំ កន្លងមក បានឃើញពី​គុណ​ភាពល្អ ក៏សម្រេចចិត្តចាប់ផ្ដើមបង្កើត «សិប្បកម្ម ឬស្សីខ្មែរ» នៅក្នុងឆ្នាំ ២០២០ នៅឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។  ក្រោយពីមានបទ សោធន៍កែច្នៃសាកល្បងទៅលើគ្រឿងសង្ហារឹមផ្សេងៗ ជាមួយប្រភេទឬស្សីច្រើនសណ្ឋានដូចជា ឬស្សីស្រុក ឬស្សីព្រៃ ឬស្សីពីងពង់ទ្រនំមាន់ និងឬស្សីខ្លៃ ជាដើម ស្រ្ដីវ័យ ៣១ឆ្នាំ រូបនេះ​ បានឱ្យដឹងថា ចំពោះឬស្សី​ដែលមានគុណភាព និងអាចប្រើប្រាស់បានយូរប្រមាណជាង ១០ឆ្នាំឡើងទៅនោះគឺ ឬស្សីពីងពង់ទ្រនំមាន់។  ម្ចាស់សិប្បកម្ម បានលើកឡើងថា កាលពីខែមិថុនា កក្កដា និងខែសីហា​ កន្លងទៅ មានការកម្មង់ជារៀងរាលខែ គិតជាមធ្យមចន្លោះ ២ ទៅ ៣ គម្រោងធំៗ។ ការគាំទ្រនេះ ដោយសារផលិតផលដែលផលិតដោយស្នាដៃកូនខ្មែរ មានគុណភាពល្អ ប្រើប្រាស់បានយូរ ចំណេញថវិកា និងការរចនាប្រកបដោយភាបច្នៃប្រឌិតខ្ពស់។ សិប្បកម្មមានបញ្ហាប្រឈមមួយចំនួន ដោយសារឬស្សីមានប្រហោងក្នុង មានថ្នាំង ឬស្សីខ្លះវៀច ឬប្រហោងក្នុង ដូច្នេះត្រូវមានបច្ចេកទេស ក្នុងការធ្វើដើម្បីឱ្យជាប់បានល្អ។ ម្យ៉ាងវិញទៀត ការធ្វើពិសោធន៍ កុំឱ្យមានមេស៊ី ឬពុកគឺត្រូវការចំណាយពេលប្រហែលជាង ៦ខែ ទើបអាចដឹងពីលទ្ធិផល។  ម្ចាស់សិប្បកម្មឬស្សីខ្មែរ បានបញ្ជាក់ថា ចំពោះដំណើរនៃការធ្វើសម្រិតខ្លាំងណាស់ ពោលគឺមានការស្ងោរថ្នាំឬស្សី បន្ទាប់ទើបអាចយកមកធ្វើបាន។ ការស្ងោរបែបនេះ គឺជាវិធីសាស្រ្តមួយដើម្បីរក្សាឬស្សីឱ្យ​នៅប្រើប្រាស់បាន​រយៈពេលយូរ។ ដោយគិតត្រឹមរយៈពេលនៃធ្វើតែម្ដង ចំណាយពេលពីរថ្ងៃ ទើបធ្វើរួមបានមួយឈុត​ ដែលមានតុមួយ ក្រៅអីបី វែងមួយ និងខ្លីពីរ។ សម្រាប់មួយឈុតនេះដែរ មានតម្លៃ ១៨៥ ដុល្លារ (១ឈុតមានតុ១ ក្រៅអី៣ វែង១ និងខ្លី២)។ នេះជាការបន្ថែមរបស់អ្នកស្រី សុវណ្ណនី។  សព្វថ្ងៃនេះ សិប្បកម្មបានជួយផ្តល់ការងារដល់ពលរដ្ឋក្នុងមូលដ្ឋានចំនួន៦នាក់ ក្នុងនោះ៤នាក់ប្រើប្រាស់កម្លាំងពលកម្ម និងពីរនាក់ខាងបច្ចេកទេសកែច្នៃ។  អ្នកស្រី សុវណ្ណនី មានគម្រោងពង្រីកសិប្បកម្មឬស្សីខ្មែរ ឱ្យកាន់តែរីកធំបន្ថែមទៀត នៅឆ្នាំ ២០២៥ ដើម្បីផ្គត់ផ្គង់ផលិត​ផលខ្មែរនៅទីផ្សារក្នុងស្រុក និងគ្រោងនាំចេញទៅទីផ្សារប្រទេសបារាំង និងសហរដ្ឋអាមេរិកផងដែរ ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង