នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្រុមជនដៃដល់៦នាក់ ក្រោយកាប់យុវជនម្នាក់ដាច់កដៃ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនដៃដល់ចំនួន៦នាក់ ពាក់ព័ន្ធករណីកាប់យុវជនជនម្នាក់បណ្ដាលឲ្យដាច់កដៃម្ខាងកាលពីថ្ងៃទី០២ ខែកញ្ញា កន្លងទៅ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឲ្យដឹងថា ក្រោយកំណត់មុខសញ្ញាច្បាស់ការ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣៦នាទី លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ នៃអធិការដ្ឋានគរបាលស្រុកក្រគរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ជាបក្ខពួកក្រុមជនបង្កមានឈ្មោះ ឈន ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុចផ្ទះជនសង្ស័យ ភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។ លោកអធិការបន្តថា លុះដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី កម្លាំងជំនាញសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះបង្រ្កាប និងឃាត់ខ្លួនបក្ខពូកបានចំនួន៥នាក់បន្ថែមទៀតដើម្បីយកមកអនុវត្តតាមនិតិវិធីច្បាប់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី ក្រុមជនដៃដល់បានកាប់ទៅលើជនរងគ្រោះឈ្មោះ ឆ ឈន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង បណ្តាលឲ្យដាច់កដៃខាងឆ្វេង ដែលបានប្រព្រឹត្តិនៅចំណុចផ្លូវ៦០ម៉ែត្រវាងក្រុង ស្ថិតនៅភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បាននាំគ្នាគេចខ្លួនបាត់អស់៕ សម្រួលដោយ ទៀង បុណ្ណរី