រោងចក្រទឹកកកធ្វើឱ្យលេចធ្លាយឧស្ម័នអាម៉ូញាក់នៅ​ឫស្សីកែវ អាជ្ញាធរព្រមានចាត់វិធានការច្បាប់ បើមានការធ្លាយជាលើកទី២

រាជធានីភ្នំពេញ៖ រោងចក្រផលិតទឹកកកមួយកន្លែងស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលធ្លាយឧស្ម័ន​អាម៉ូញាក់ កាល​ពីល្ងាចថ្ងៃទី១កញ្ញា បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន៣២​នាក់ ​ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីមានអាការៈថប់​ដង្ហើម ត្រូវបានអាជ្ញាធរផ្អាកសកម្មភាពជាបណ្តោះអាសន្ន និងបានកំណត់មិនត្រូវឱ្យមានការធ្លាយជាលើកទី២ មុនអនុញ្ញាតឱ្យធ្វើអាជីវកម្មឡើងវិញ…។  អភិបាលខណ្ឌឫស្សីកែវលោក ឯក ឃុនដឿន បានឱ្យដឹង​ថា ​អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋមួយជំហានហើយ គឺ​ទី១.ម្ចាស់អាជីវកម្មផលិត​ទឹកកក ត្រូវបាន​ផ្អាកជាបណ្ដោះអាសន្នតាមការណែនាំរបស់ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរគ្រប់​ជាន់ថ្នាក់ ដោយត្រូវរង់ចាំការ​សិក្សាជួសជុល វាយតម្លៃជាថ្មីម្ដងទៀត។ ទី២.ពាក់ព័ន្ធ​ទៅនឹងបញ្ហាសំណង បញ្ហាសុខភាព និងការព្យា​បាល​ចំពោះប្រជាពលរដ្ឋ​ដែល​ឈឺ ម្ចាស់សហគ្រាស​បានចេញថ្លៃព្យាបាល និងចំណាយទាំងអស់។ ​ចំណែកឯគ្រួសារដែលរងផលប៉ះពាល់ អាជ្ញាធរសង្កាត់ រួមជា​មួយម្ចាស់សហគ្រាស​ផលិតទឹកកក បានចុះតាមផ្ទះ​ជួប​សុំការអភ័យទោស និងនាំគ្រឿងឧបភោគបរិភោគ ថវិកា​មួយ​ចំនួន​យកទៅជូនគ្រួសាររងផលប៉ះពាល់ទាំងនោះរួចហើយ។  ដោយឡែក​ ចំពោះរឿងពលរដ្ឋសំណូមពរឱ្យក្រុមហ៊ុនប្តូរទីតាំង​ទៅ​កន្លែង​ផ្សេង​ អាជ្ញាធរបានធ្វើការណែនាំម្ចាស់សហគ្រាសរួចហើយ បើក្នុងករណីកើតមានលើកទី២ អាជ្ញា​ធរ​នឹង​បិទជាស្ថាពរ ហើយរោងចក្រត្រូវតែរកទីតាំងថ្មី។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខណ្ឌឫស្សីកែវ។ សូមជម្រាបថា បន្ទាប់ពីលេចធ្លាយឧស្ម័នអាម៉ូញាក់ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន៣២នាក់រងផលប៉ះពាល់ ខណៈ៤នាក់រងគ្រោះធ្ងន់ ប៉ុន្តែមិនរងគ្រោះដល់អាយុជីវិតទេ។ ជនរងគ្រោះធ្ងន់ធ្ងរទាំង៤នាក់ ដែលមានអាការៈថប់ដង្ហើម និងសន្លប់នោះ បច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយអស់ហើយដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង