សង្វេគណាស់..! ឪពុកចិត្តអន្យតិរ្ថិយ ទម្លាក់កូនចុះពីដៃធ្លាក់បាក់-កស្លា.ប់ ព្រោះខឹងលួងមិនបាត់យំ
ខេត្តតាកែវ៖ ស្ទើរតែមិនគួរឱ្យជឿថា បុរសជាឪពុកម្នាក់នេះហ៊ានធ្វើទង្វើព្រៃផ្សៃសម្លាប់កូនខ្លួនឯងគ្មានក្ដីអាណិតអាសូរដោយគ្រាន់តែខឹងលួងក្មេងមិនបាត់យំ ក៏ទម្លាក់កូនចុះពីដៃបណ្តាលឱ្យបាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌។ ហេតុការណ៍ឪពុកចិត្តអន្យតិរ្ថិយនេះ កើតឡើងនៅវេលាម៉ោង១៥ៈ១០រសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ គួរឱ្យសង្វេគជាទីបំផុត…។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបានឱ្យដឹងថា បុរាជាឪពុកមានឈ្មោះ សោម ហុកហេង អាយុ២៤ឆ្នាំ មានប្រពន្ធឈ្មោះ នាង ស្រស់ អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង បានទម្លាក់កូនរបស់ខ្លួនឈ្មោះ ហេង គឹមហៀង ភេទប្រុស អាយុ៤0ថ្ងៃ ដែលកំពុងបីនៅហ្នឹងដៃទៅលើគ្រែបណ្ដាលឱ្យបាក់-កស្លាប់ភ្លាមៗគួរឱ្យសង្វេគជាទីបំផុត ខណៈស្ត្រីជាភរិយាបានទៅធ្វើការនៅរោងចក្រ ទុកកូនឱ្យប្ដីមើល។ ប្រភពខាងលើបន្តថា តាមពិតបុរសជាប្ដីនេះ ស្រឡាញ់ថ្នាក់ថ្នមកូនប្រុសរបស់ខ្លួនដែរ ប៉ុន្តែមិនដឹងមានរឿងអី បានជាដាច់ចិត្តសម្លាប់កូនខ្លួនឯងបែបនេះឡើយ។ ដោយឡែក លោកវរសេនីយទោ សុខ សុជា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានថ្លែងប្រាប់ នៅព្រឹកថ្ងៃអង្គារទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា ករណីឃាតកម្មខាងលើ លោកបានចាត់ឱ្យមន្ត្រីជំនាញទៅធ្វើកោសល្យវិច័យសពទារក ហេង គឹមហៀង ដែលមានអាយុ៤0ថ្ងៃនោះហើយ គឺពិតជាមានស្ថានភាពបាក់-កពិតមែន ឯជនសង្ស័យជាឪពុកឈ្មោះ សោម ហុកហេង ក៏ត្រូវបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរព័ត៌មានលម្អិតជុំវិញករណីឃាតកម្មលើកូនប្រុសរបស់ខ្លួននេះដែរ។ លោកអធិការរងស្រុកបន្តថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ រូបគេពិតជាបានទម្លាក់កូនទៅលើគ្រែបណ្តាលឱ្យបាក់-កស្លាប់ពិតប្រាកដមែន នោះក៏ព្រោះតែគេហត់អស់កម្លាំងក្នុងការមើលថែទាំផង និងមួរម៉ៅនៅពេលលួងកូនតូចនោះមិនបាត់យំផង ក៏បោះសម្តីលេងថា «បើយំមិនបាត់អ៊ីចឹង អញបោះហ្អែងឱ្យងាប់ទៅដឹង កុំឱ្យពិបាកច្រើន!» ហើយរូបគេ ក៏បានបោះទារកនោះទៅលើគ្រែ រួចក៏បានលើកយកមកដាក់លើអង្រឹងឱ្យដេក។ មួយសន្ទុះក្រោយមក ទារកនោះ បានប្រែមុខទៅជាស្វាយ រូបគេក៏បានហៅអ្នកជិតខាងឱ្យមកជួយមើល និងបានដឹកយកទៅពេទ្យ ទើបដឹងថា ទារកនោះបាក់-កស្លាប់បាត់ហើយ។ លោកវរសេនីយទោ សុខ សុជា ឱ្យដឹងបន្តថា ក្រោយពីមន្ត្រីជំនាញធ្វើកោសល្យវិច័យជាមួយក្រុមគ្រូពេទ្យរួច និងមានចម្លើយសារភាពពីជនសង្ស័យ ពេលនេះមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យបន្តទៅកាន់ស្នងការនគរបាលខេត្តតាកែវ បន្តនីតិវិធីច្បាប់។ ចំពោះទារកត្រូវបានប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ គូសបញ្ជាក់ផងដែរថា សកម្មភាពជនសង្ស័យខាងលើនេះ មហាជនខ្មែរមិនអាចទទួលយកបានទេ ក្រោយពីមានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ ប្រជាពលរដ្ឋជាច្រើន បានសម្តែងអារម្មណ៍ខឹងសម្បារនឹងបុរសជាឪពុកទារកនោះជាខ្លាំង និងបានសំណូមពរឱ្យអាជ្ញាធរសមត្ថកិច្ចកសាងសំណុំរឿងដាក់បន្ទុកលើជនដៃដល់ជាឪពុករូបនេះឱ្យបានធ្ងន់ធ្ងរ ដើម្បីឱ្យសក្តិសមទៅនឹងទង្វើរបស់គេ ដែលបានសម្លាប់កូនប្រុសបង្កើតរបស់ខ្លួនឯងដោយចេតនា ទាំងដែលគ្នាទើបនឹងឃើញពន្លឺព្រះអាទិត្យត្រឹម៤០ថ្ងៃប៉ុណ្ណោះ។ បុរសខាងលើនេះ ពិតជាមានចិត្តអន្យតិរ្ថិយខ្លាំងណាស់ ដែលអាចលើកដៃសម្លាប់ក្មេងមិនទាន់ដឹងក្ដីបែបនេះ ព្រោះសូម្បីតែសត្វតិរិច្ឆានដែលគ្មានវិចារណញ្ញាណ ក៏ចេះស្រឡាញ់កូនៗរបស់វាដែរ កុំថាឡើយមនុស្សដែលមានចំណេះដឹងចេះគិតពិចារណានោះ..៕ សម្រួលដោយ ទៀង បុណ្ណរី