សំណុំរឿង អឿន ម៉ូនីកា នឹងប្រកាសសាលក្រមនៅថ្ងៃ១៩កញ្ញាខាងមុខ

សំណុំរឿងមេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានបញ្ជូនមកកាត់ទោសកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។  អង្គសវនាការដែលដឹកនាំដោយលោកចៅក្រម ពេជ្រ វិជ្ជាធរ និងលោក វង្ស សាវ៉ាត បានចោទប្រកាន់នាង អឿន ម៉ូនីកា អាយុ២៨ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២។  ប្រឈមមុខការចោទប្រកាន់ដូចខាងលើ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានធ្វើជាមេតុងទីនប្រមូលយកលុយពីកូនតុងទីនច្រើននាក់យកទៅរកសុីមុខរបរផ្សេងទៀតនិងចងកាប្រាក់ជាដើម ហើយអ្នកជំពាក់ប្រាក់នាងមិនទាន់មាន​លុយ​សងមកវិញ ធ្វើអោយនាងខាតឡុងចុងមិនមានប្រាក់សងមកកូនតុងទីនវិញក៏ចេញជាសែកតម្កល់មកអោយដើមបណ្ដឹងជាបណ្ដោះអាសន្នសិន លុះកូនតុងទីនយកសែកទៅបើកប្រាក់មិនបានក៏ប្ដឹងរូបនាងតែម្ដង ។  ក្នុងរឿងក្ដីនេះដោយសារជនជាប់ចោទបានសារភាពក្បោះក្បាយអស់សេចក្ដី ចៅក្រមជំនុំជំរះបានសម្រេចលើកយកទៅប្រកាសសាលក្រម នៅថ្ងៃទី១៩កញ្ញា ឆ្នាំ២០២៣ខាងមុខ ។ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នាង អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ឬមណ្ឌលកែប្រែ២ (ម២)ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត៧០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកន្លងទៅ។ យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់លោកស្រី ទិត ដាលីន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខបុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាច ជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់។  ស្រ្តីត្រូវចោទឈ្មោះ អឿន ម៉ូនីកា ដែលជាមនុស្សឡូវឆាយ និងឧស្សាហ៍កំញើញ និងបង្អួតបង្ហាញពីទ្រព្យសម្បត្តិ និង ប្រាក់កាសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមហ្វេសប៊ុកននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីការបស់តុលាការ និងដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះជាច្រើននាក់។  បច្ចុប្បន្ននេះស្រ្តីត្រូវចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃស នៅក្នុងរាជធានីភ្នំពេញរហូតមកដល់ថ្ងៃកាត់ទោសនេះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង