សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំអាស៊ាន កម្ពុជាប្តេជ្ញាសម្រេចគោលដៅប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់

រដ្ឋធានីហ្សាការតា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃចន្ទទី០៤ ខែកញ្ញាថា រាជរដ្ឋាភិបាលកម្ពុជា នឹងបើកទ្វារស្វាគមន៍អ្នកវិនិយោគបរទេស ដើម្បីជួយប្រទេសជាតិឱ្យសម្រេចបាននូវគោលដៅ ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ សម្តេចលើកឡើងបែបនេះ អំឡុងពេលមានវត្តមានក្នុង កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ជាទីដែលនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បំពេញការងារនៅក្រៅប្រទេសជាលើកដំបូង…។    ថ្លែង​សុន្ទរកថាក្នុងកម្មវិធីដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖«កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគទាំងអស់នាពេលអនាគត មកកាន់ព្រះរាជាណាចក្រមួយ ដែលមានឱកាសវិនិយោគច្រើន។» សម្តេចបន្តថា កម្ពុជា​បាន​ផ្តោត​លើ​ការ​កសាង​ឡើង​វិញ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ក្រោយ​សង្រ្គាម​ស៊ីវិលដ៏រ៉ាំរ៉ៃ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ២៥ឆ្នាំខាងមុខ គឺជាពេលវេលាដើម្បីពន្លឿននៃការអភិវឌ្ឍជាតិ ឈានទៅសម្រេចបាននូវឋានៈសេដ្ឋកិច្ចប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ គួរជម្រាបថា កម្ពុជា​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ថ្នាក់​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច ​រួម​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា និង​ឡាវ ដែលស្ថិតក្នុងតំបន់តែមួយ។ សេដ្ឋកិច្ចកម្ពុជា នៅមួយរយៈកាលចុងក្រោយ មានការពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើប្រទេសចិន។ ទីក្រុងប៉េកាំងបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោងសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស រាប់ចាប់ពីផ្លូវល្បឿនលឿន រហូតដល់ប្រព័ន្ធផ្លូវដែក ស្របពេលដែលចិនក៏កំពុងពង្រីកឥទ្ធិពលជាសាកលរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។  ក្រៅពីនេះនាយករដ្ឋមន្ត្រីវ័យ៤៥ឆ្នាំរបស់កម្ពុជា បន្តលើកឡើងថា៖«ក្នុងនាមខ្ញុំជាមេដឹកនាំថ្មី ខ្ញុំសូមធានាចំពោះអ្នកថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តចំពោះប្រព័ន្ធពហុភាគី សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកទៅលើច្បាប់ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដើម្បីការពារ និងលើកកម្ពស់សន្តិភាពទាំងក្នុងប្រទេស និងក្នុងពិភពលោក។»  គួរកត់សម្គាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត ជាមេដឹកនាំដែលមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំរដ្ឋឯទៀតក្នុងតំបន់អាស៊ាន ដែលកំពុងមានវត្តមាននៅឥណ្ឌូណេស៊ី។ សុន្ទរកថារបស់សម្តេច ទទួលបានការចាប់អារម្មណ៍ និងតាមដានច្រើនពីប្រទេសក្នុងតំបន់ ខណៈចាប់ពីថ្ងៃអង្គារនេះទៅ សម្តេចនឹងបន្តចូលរួមជំនួបកំពូលច្រើនទៀត ដូចជាជំនួបកំពូលមេដឹកនាំអាស៊ាន និងអាស៊ីបូព៌ាជាដើម។ ក្រៅពីចូលរួមប្រជុំអាស៊ាន សម្តេចបានជួបសម្តែងការគួរសមជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃចន្ទទី០៤កញ្ញា។ ដោយឡែក នៅព្រឹកថ្ងៃអង្គារទី០៥កញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបពិសារអាហារពេលព្រឹកការងារជាមួយមេដឹកនាំប្រទេសក្បែរខាងចំនួនពីរ ​គឺវៀតណាម និងឡាវ[..]៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង