សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥

TNM(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លាប្រកបដោយមហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ស្ថិតក្នុងអភិលក្ខិតសម័យដ៏សិរីមង្គលឧត្តុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក្នុងនាម ខ្ញុំម្ចាស់ និងសមាជិក សមាជិកា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាបឋម សូម ព្រះបរមរាជានុញ្ញាតលំឱនកាយ បង្គំថ្វាយព្រះសព្ទ សាធុការពរជ័យ បវរសួស្តី សិរីវិវឌ្ឍនាជាអនេកប្បការ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាព មាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់អម្រឹតដ៏ត្រជាក់ត្រជំ ប្រទានដល់ប្រជានុរាស្រ្តជ្រកកោន ដោយក្តីសុខដុម រមនា ជាភិយ្យោភាពតរៀងទៅ។

ក្នុងវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមថ្វាយនូវ ព្រះកតញ្ញូកតវេទិ តាធម៌ដ៏ធំធេង ចំពោះព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ជាអតិបរមា ដែលជានិច្ចកាល ព្រះករុណា ថ្លៃវិសេស ជាអម្ចាស់ទ្រង់ ស្តេចសព្វព្រះរាជហឫទ័យ លះបង់ពេលវេលា និងព្រះកាយពលដោយពុំគិតពីការនឿយហត់ បំពេញនូវព្រះរាជបូជនិយកិច្ចដ៏ឧត្តុង្គឧត្តម បម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងមហាប្រជានុរាស្ត្រ ជាទីស្រឡាញ់ របស់ព្រះអង្គ ប្រកបដោយព្រះព្រហ្មវិហារធម៌ និងព្រះរាជទសពិធរាជធម៌ដ៏បរិសុទ្ធ។ ទន្ទឹមនេះទៀត ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងទ្រង់ស្តេចសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទាន លើកកម្ពស់គាំទ្រ បរិច្ចាគព្រះរាជទ្រព្យ ប្រទានកាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាពពង្រឹងយន្តការ សង្រ្គោះប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជលំអានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រមទាំង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ ព្រមទាំងសហការី សូមលំឱនកាយឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ជំនាន់ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ព្រមទាំងទេវតារក្សា ឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាមមណ្ឌាទេវី សូមបន្តអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង