ឆេះទូកដឹកទំនិញ១គ្រឿង នៅស្រុកមណ្ឌលសីមា បណ្ដាលឱ្យរបួសម្ចាស់ទូក និងខូចខាតទ្រព្យសម្បត្តិជាច្រើន!
កោះកុង៖ ទូកដឹកទំនិញ១គ្រឿងកំពុងបើកលើទន្លេសុខៗ ស្រាប់តែត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យបុរសម្នាក់រងរបួស និងខូចខាតអីវ៉ាន់លើទូកអស់ទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើងស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ សមត្ថកិច្ចបានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ ណេត សុវណ្ណារ៉ា អាយុ ៣៩ឆ្នាំ ជាអ្នកបើកទូក នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ មន្ត្រីដដែលបានបន្តថាៈ នៅមុនកើតហេតុ បុរសរងគ្រោះបាន បើកទូកដោយចាក់ប្រេងហៀរលើម៉ាស៊ីន។ ពេលបញ្ឆេះម៉ាស៊ីន ហើយកំពុងធ្វើដំណើរតាមដងទន្លេ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង!។ ខណៈនោះអ្នកបើកបរ បានរងរបួស-ខូចខាតអីវ៉ាន់និងសម្ភារលើទូកអស់ទាំងស្រុង ត្រូវបានកម្លាំងអាជ្ញាធរចេញជួយសង្គ្រោះ រួចដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងករណីនេះ សមត្ថកិច្ចបានក្រើនរំលឹកថាៈ រាល់អ្នកបើកបរផ្លូវគោកឬផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើយានយន្តរបស់ខ្លួន ដើម្បីចៀសវៀងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ សម្រួលដោយទៀង បុណ្ណរី