លោក នេត្រ ភក្ត្រា នឹងធ្វើឲ្យក្រសួងព័ត៌មាន ក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋ ដែល​មានគុណភាព និង​ប្រសិទ្ធភាព

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នឹង​ធ្វើ​ឲ្យ​ក្រសួង​ព័ត៌មាន ក្លាយ​ទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល​មួយ ដែល​សកម្ម​បុរេ​សកម្ម អន្តរ​សកម្ម គុណភាព និង​ប្រសិទ្ធភាព។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ២០២៣ នេះ។   កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៣ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ ថ្នាក់​ដឹកនាំ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា «ខ្ញុំ​ទទួល​បេសកកម្ម​ពី រដ្ឋសភា រាជរដ្ឋាភិបាល ពី​បក្ស ក្នុង​អាណត្តិ​ទី ៧ នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ក្រសួង​ព័ត៌មាន​នេះ ក្លាយ​ទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល​មួយ ដែល​សកម្ម​បុរេ​សកម្ម អន្តរ​សកម្ម គុណភាព និង​ប្រសិទ្ធភាព»។   លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បន្ត​ថា ចាប់ផ្ដើម​ដំបូង ក្រសួង​ព័ត៌មាន ផ្ដោត​ចំណុច ២ សំខាន់ ទំនើបកម្ម​ស្ថាប័ន និង រដ្ឋបាល​ទំនើប។ តើ​ទំនើបកម្ម​ស្ថាប័ន និង​រដ្ឋបាល​ទំនើប ផ្ដោត​លើ​អ្វី ៖  ទី១-មន្ត្រី ត្រូវ​តែ​មាន​កន្លែងធ្វើការ។  ទី២-ចាប់ផ្ដើម​ដំបូង មន្ត្រី ត្រូវតែ​មាន​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​នេះ​ជា​រដ្ឋបាល​ទំនើប​អាច​មើល​ឃើញ​នឹង​ភ្នែក ហើយ​ជា​ជំហាន​ដំបូង នឹង​រៀបចំ​ជូន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្រសួង។  -ទំនើបកម្ម​ធនធាន​មនុស្ស សំដៅ​ទៅ​លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​ខ្លួន​យើង​ជា​មន្ត្រី​ឲ្យ​ស្រប​ទៅ​នឹង​ការ​វិវត្តន៍​របស់​សង្គម​ឌីជីថល។  -គោលការណ៍ នៃ​ការ​ដឹកនាំ​របស់​ក្រសួង​ព័ត៌មាន គឺ អ្នក​មាន​សមត្ថភាព ត្រូវ​លើកទឹកចិត្ត ហើយ​មិន​អាច​ប្រើប្រាស់​លុយ​ធ្វើជា​ត្រីមុខ ដើម្បី​រក​តំណែង​ទេ។ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បន្ត​ទៀត​ថា យើង​មិន​អាច​យក​មនុស្ស​គ្មាន​ជំនាញ​មក​កាន់​តួនាទី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​របស់​ក្រសួង​ផង និង​ប៉ះពាល់​ដល់​គុណភាព​ការងារ​ក្នុង​ការ​បម្រើ​រាជរដ្ឋាភិបាល​លើ​ការ​គ្រប់គ្រង​ព័ត៌មាន និង​សាធារណមតិ​ទេ។ ហើយ​ការ​ជ្រើសរើស​មន្ត្រី នឹង​បើក​ឲ្យ​មាន​ការ​ប្រឡង អ្នក​មាន​សមត្ថភាព​នឹង​ជាប់ ចំពោះ​តួនាទី ភារកិច្ច​នៅ​ទំនេរ ដែល​ត្រូវ​បំពេញ​បន្ថែម នឹង​ត្រូវ​ជំនួស​ពេល​ចូលនិវត្តន៍។ ក្នុង​អគ្គនាយកដ្ឋាន​ចំណុះ នឹង​កំណត់​ឲ្យ​មាន​ការ​ប្រឡង ហើយ​អ្នក​មាន​សមត្ថភាព មាន​ពិន្ទុ​ខ្ពស់ នឹង​ទទួល​តំណែង​ដែល​ទំនេរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង