ពលរដ្ឋបានអបអរ ក្រោយអាជ្ញាធររាជធានីភ្នំពេញ ចុះស្តារប្រឡាយបឹងសាឡាងបន្ទាន់ ខណៈទឹកស្អុយលែងជន់លិចផ្ទះប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងប្រឡាយបឹងសាឡាង បានបញ្ជាក់ឱ្យដឹងថា នៅពេលដែលភ្លៀងម្ដងៗ ជំនន់ទឹកភ្លៀងបានជនលិចស្ទើរគ្រប់កន្លែង ខណៈដែលទឹកប្រឡាយហូរមិនទាន់ ទើបបណ្ដាលឱ្យទឹកស្អុយនៅក្នុងប្រឡាយបឹងសាឡាងជន់លិចឡើងកម្រិតខ្ពស់រហូតលិចផ្ទះពួកគាត់ ធ្វើឱ្យសម្ភារមួយចំនួនត្រូវបានអណ្ដែតពាសពេញផ្ទះ និងមានក្លិនស្អុយ…។ នៅស្ដុប២៣០ ហៅស្ដុបកោសដូង បន្ទាប់ពីមេឃបានភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីថ្ងៃទី១៩សីហា ឆ្នាំ២០២៣ ធ្វើឱ្យទឹកប្រឡាយបឹងសាឡាង ស្ថិតនៅសង្កាត់បឹងសាឡង ខណ្ឌទួលគោក រាជធានីភ្នំពេញហក់ឡើងជន់លិចផ្ទះប្រជាពលរដ្ឋជាខ្លាំងផងដែរ។ បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយ ពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់ឡើងជន់លិចដោយជំនន់ទឹកភ្លៀង អាជ្ញាធររាជធានីដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យប្រព័ន្ធបង្ហូរទឹកត្រង់ចំណុចស្ដុប២៣០ ហៅស្ដុបកោសដូង និងបានពិនិត្យការស្ដារប្រឡាយបឹងសាឡាង ឱ្យកាន់តែជ្រៅ ដើម្បីបើកមុខទឹក កុំឱ្យមានការជន់លិចដោយជំនន់ទឹកភ្លៀងបន្តទៀត កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ យ៉ាងណា ក្រោយពីអាជ្ញាធរបានចុះត្រួតពិនិត្យ និងធ្វើការស្ដារប្រឡាយបឹងសាឡាងឱ្យកាន់តែជ្រៅឡើងវិញ ពេលនេះ ប្រជាពលរដ្ឋម្នាក់ បានបញ្ជាក់ប្រាប់នៅថ្ងៃទី៣០ ខែសីហាថា ពេលភ្លៀងធ្លាក់ ទឹកឡើងពេញប្រឡាយមែន ប៉ុន្តែពេលនេះមិនដូចកាលពីមុនទេ ពេលមានភ្លៀងធ្លាក់ គឺទឹកបានហូរបោះពួយទៅយ៉ាងលឿន មិនបង្កឱ្យមានការជន់លិចដូចពេលមុនៗឡើយ។ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ប្រឡាយ មានការសប្បាយចិត្តជាខ្លាំង ព្រោះពេលភ្លៀងលើកក្រោយៗ ទឹកស្អុយអាចនឹងលែងជន់លិចចូលផ្ទះរបស់ពួកគាត់ទៀតហើយ។ ជាចុងក្រោយ ប្រជាពលរដ្ឋ ក៏បានសម្តែងការអរគុណដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ពីផលលំបាករបស់ប្រជាពលរដ្ឋ…៕ សម្រួលដោយ ទៀង បុណ្ណរី