ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ទោះវល់យ៉ាងណា ក៏មិនភ្លេចទេ ត្រូវតែបន្តនិរន្តរភាពចុះជួបបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋបន្តពីសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ បន្តនិរន្តរភាពការងារពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចប់អាណត្តិ និងជាការដាក់ចេញការ ងារចុះជួបមហាជន កម្មករ-និយោជិត និងប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាបន្ទាន់នោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញចុះជួបកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី នាព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលដំបូង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកនូវពាក្យពេចន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់កម្មករ-និយោជិត ព្រមទាំងបានលើកឡើងពីវីរភាព និងគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ដែលខិតខំដឹកនាំឱ្យកម្ពុជា ឆ្ពោះដល់ដំណាក់កាលសុខសាន្ត និងរីកចម្រើន។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ក្រុមមន្ត្រី និងកម្មករ-និយោជិតថា ជំនួបជាមួយកម្មករ-និយោជិត នៅតំបន់ ព្រៃស្ពឺនាពេលនេះ អាចថាជាជានិស្ស័យក៏ថាបាន ប៉ុន្តែក៏ជាការតាំងចិត្តស្កាត់មកជួប ដើម្បីថ្លែងអំណរគុណ និងបញ្ជាក់ពិការប្តេជ្ញាចិត្តលើការដឹកនាំជាតិ ដើម្បីបន្តយកអាសា និងដោះស្រាយបញ្ហាជូនកម្មករ-និយោជិត ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ។ ការគោរពស្រឡាញ់របស់បងប្អូនកម្មករ-និយោជិតមកលើ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារូបឯកឧត្តមផ្ទាល់ ដែលជានាយករដ្ឋមន្ត្រីអាណត្តិថ្មី គឺជាថាមពលសម្រាប់ការដឹកនាំរបស់ឯកឧត្តម បង្កើតនូវសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន ឱ្យរឹងរឹតតែរីកចម្រើនប្រសើរឡើងថែមទៀត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលកម្ពុជាមានសព្វថ្ងៃនេះ គឺបានពីការប្រឹងប្រែងជាបន្តបន្ទាប់តាំងពីជាង ៤០ឆ្នាំមុនមកម្ល៉េះ។ ដូច្នេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានប្តេជ្ញាប្រឹងប្រែងរក្សាសមិទ្ធផលដែលអ្នកចាស់បន្សល់ទុក ហើយបន្តប្រឹងប្រែងបង្កើតសមិទ្ធផលថ្មីជាបន្តបន្ទាប់ទៀត ដើម្បីការអភិវឌ្ឍន៍ទាំងសង្គម សេដ្ឋកិច្ចធនធានមនុស្ស និងដោះស្វាយបញ្ហាឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជន។ ទោះជាយ៉ាងណា ប្រទេសជាតិមួយរឹងមាំ និងរីកចម្រើនទៅបាន លុះណាមានសាមគ្គីជាធ្លង់មួយ ត្រូវថែទាំសន្តិភាពឱ្យរឹងមាំ និងរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋឱ្យ ដោយបង្កើតការងារ បង្កើតអាជីពជូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់សេវាសាធារណៈ និងអភិវឌ្ឍន៍នៅមូលដ្ឋាន ដែលការងារនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើជាង ៤០ឆ្នាំមកហើយ ដូច្នេះរាជរដ្ឋាភិបាលអាណាថ្មីត្រូវតែពង្រឹងពង្រីកនិរន្តរភាពបន្ថែមទៀត។ ដោយមិនភ្លេចនោះទេ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់កម្មករ-និយោជិត ក៏ដូចជាប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស បង្កើតការងារ និងកសាងប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។បើពិនិត្យមើលអត្រាអ្នកគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាង ៨២ភាគរយនេះ គឺជាការបង្ហាញឱ្យឃើញនូវការគាំទ្ររបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋលើគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែទាំរក្សាសន្តិភាព ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនតទៅទៀត និងថែរក្សាភាពសុខសាន្ត លើកកម្ពស់ជីវភាព ការរស់នៅ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕ សម្រួលដោយ ទៀង បុណ្ណរី