ស្រុកមួយនៅចិន ផ្តល់រង្វាន់សម្រាប់គូស្នេហ៍ ប្រសិនបើកូនក្រមុំមានវ័យក្មេង

ស្រុក Changshan នៅភាគខាងកើតប្រទេសចិន នឹងផ្តល់រង្វាន់ដល់គូស្នេហ៍ចំនួន ១៣៧ ដុល្លារ ប្រសិនបើកូនក្រមុំមានអាយុ ២៥ ឆ្នាំចុះក្រោម ។  នេះជាវិធានការចុងក្រោយបំផុត ក្នុងការលើកទឹកចិត្តមនុស្សវ័យក្មេងឱ្យរៀបការ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអត្រាកំណើតធ្លាក់ចុះ ។  សេចក្តីជូនដំណឹងត្រូវបានផ្សព្វផ្សាយនៅលើគណនី Wechat ផ្លូវការរបស់ស្រុក Changshan កាលពីសប្តាហ៍មុន ដោយនិយាយថា រង្វាន់គឺដើម្បីលើកកម្ពស់ “អាពាហ៍ពិពាហ៍សមស្របតាមអាយុ និងការបង្កើតកូន” សម្រាប់តែអាពាហ៍ពិពាហ៍ដំបូងប៉ុណ្ណោះ ។ វាក៏រួមបញ្ចូលនូវការឧបត្ថម្ភថែទាំកូន ការមានកូន និងការអប់រំសម្រាប់គូស្វាមីភរិយាដែលមានកូនផងដែរ ។   ដោយមានការព្រួយបារម្ភអំពីការធ្លាក់ចុះចំនួនប្រជាជនលើកដំបូងរបស់ប្រទេសចិនក្នុងរយៈពេល ៦ ទសវត្សរ៍ និងចំនួនប្រជាជនដែលមានវ័យចំណាស់របស់ខ្លួន អាជ្ញាធរកំពុងព្យាយាមដាក់នូវវិធានការនានា ដើម្បីលើកកម្ពស់អត្រាកំណើត រួមទាំងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការកែលម្អកន្លែងថែទាំកុមារ ។  គួរឲ្យដឹងដែលថា អាយុសម្រាប់រៀបការស្របច្បាប់នៅចិនគឺ ២២ ឆ្នាំសម្រាប់បុរស និង ២០ ឆ្នាំសម្រាប់ស្ត្រី ។ យ៉ាងណាមិញចំនួនអ្នករៀបការបានថយចុះគួរឲ្យកត់សម្គាល់ បណ្ដាលឲ្យស្ត្រីពិបាកមានកូនតែម្នាក់ឯង ។ ​​ មិនតែប៉ុណ្ណោះការរើសអើងស្ត្រី និងផ្នត់គំនិតចាស់កំរិលនៅតែមាននៅក្នុងប្រទេសចិន ទើបអត្រាកំណើតធ្លាក់ចុះមិនងាយឡើងវិញដូច្នេះ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង