ឯកឧត្តម តូច ប៉ូលីវ៉ា ចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្រុងបាវិតដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
TNM(ខេត្តស្វាយរៀង) ៖ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក លឹម សៀងហេង អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតបានចុះពិនិត្យអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្នុងក្រុងបាវិត។ ការចុះពិនិត្យនោះក៏មានការចូលរួមពីសំណាក់លោក វណ្ណ សុមុន្នី អភិបាលរងក្រុង លោកអធិការនគរបាលក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងនិងអាជ្ញាធរដែលពាក់ពន្ធ័ផងដែរ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថា៖ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងបាវិតនេះគិតម៉ោង០០នាទីថ្ងៃទី៧ខែមេសាឆ្នាំ២០២១ដល់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ដែលមានរយៈពេល១២ថ្ងៃហើយអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរគឺធ្វើ២៤ម៉ោងលើ២៤ម៉ោងលុះដល់ថ្ងៃបញ្ចប់នៃចេញសេចក្តីប្រកាសជួនដំណឹងខាងលើ។
លោក លឹម សៀងហេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងបើគ្មានការចាំបាច់សូមកុំចេញផ្ទះហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋាន។
យោងតាមសេចក្តីសម្រេចលេខ ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាសេចក្តីសម្រេចលេខ ០២៥សសរ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង របស់រដ្ឋបាលខេត្តស្វាយរៀង។
សូបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ ១៩នៅខេត្តស្វាយរៀង មិនទាន់ថមថយនៅឡើយទេគឺនៅតែមានអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់គិត្រឹមថ្ងៃទី៨ ខែមេសានេះមានអ្នកឆ្លងជំងឺ កូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈមានចំនួន១២៩នាក់ហើយ អាជ្ញាធរបានដាក់មន្ទីរពេទ្យចំនួន៣ សម្រាប់ព្យាបាលជំងឺកូវីដ១៩ មានមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួលស្រុករំដួល និងមន្ទីរពេទ្យនៅក្នុងតំបន់កាស៊ីណូម៉ុកបាយ ក្រុងបាវិត៕