ជប៉ុន រកមិនឃើញសារធាតុវិទ្យុសកម្ម ក្នុងត្រី ដែលនេសាទបានក្បែររោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា

ទីភ្នាក់ងារជលផលជប៉ុននិយាយថា កម្រិតនៃសារធាតុវិទ្យុសកម្ម Tritium នៅក្នុងត្រីដែលចាប់បាននៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi គឺទាបពេកដល់ថ្នាក់មិនអាចរកឃើញ។  នេះគឺជាការបញ្ជាក់ ក្រោយមានក្តីព្រួយបារម្ភ បន្ទាប់ពីប្រតិបត្តិករ ចាប់ផ្តើមបញ្ចេញទឹកសំណល់ ចេញពីរោងចក្រចូលទៅក្នុងមហាសមុទ្រ។ ទីភ្នាក់ងារនេះបាននិងកំពុងតាមដានជាប្រចាំ នូវសារធាតុវិទ្យុសកម្មក្នុងផលនេសាទពីតំបន់ Fukushima និងខេត្តក្បែរៗ ចាប់តាំងពីឧបទ្ទវហេតុនៅរោងចក្រនេះមក។ ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីក៏គ្រោងនឹងធ្វើតេស្ដសំណាក នៃកម្រិតសារធាតុ Tritium នៅក្នុងសត្វត្រីដែលចាប់បានក្នុងដែនទឹករង្វង់១០គីឡូម៉ែត្រ ពីរោងចក្រនុយក្លេអ៊ែរជារៀងរាល់ថ្ងៃសម្រាប់រយៈពេលប្រហែលមួយខែផងដែរ។កាលពីថ្ងៃសៅរ៍ទី២៦ខែសីហា ទីភ្នាក់ងារជលផល បានចេញផ្សាយលទ្ធផលវិភាគដំបូងរបស់ខ្លួន បន្ទាប់ពីពិនិត្យត្រីតុកកែសំប៉ែត និងត្រី Gurnard ដែលចាប់បានមួយថ្ងៃមុននោះ។  លទ្ធផលបង្ហាញថា កម្រិតសារធាតុ Tritium នៅក្នុងត្រីគឺមិនអាចរកឃើញទេ ព្រោះវាមានតិចជាង ១០ Becquerel ក្នុងមួយគីឡូក្រាម។  លើសពីនេះ ទីភ្នាក់ងារខាងលើ ក៏គ្រោងវិភាគត្រីដែលចាប់បាននៅក្នុងតំបន់ធំទូលាយផងដែរ ដើម្បីបញ្ជាក់អំពីសុវត្ថិភាពនៃផលិតផលសមុទ្ររបស់ប្រទេសជប៉ុន៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង