ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិព័រណ៌ស្នាដៃសិស្សសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិព័រណ៌ស្នាដៃសិស្សសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ ជាសកម្មភាពមួយចំណែកក្នុងការបម្រើឲ្យគោលនយោបាយនៃចំនុចអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណទី១ របស់រាជរដ្ឋាភិបាល គឺ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” កាលពីព្រឹកថ្ងៃទី២៦ សីហា ២០២៣។
សាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បាន និងកំពុងអនុវត្តន៍កម្មវិធីសិក្សាថ្មី ឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្សក្នុងសតវត្សរ៍ទី២១ ដែលការសិក្សាផ្សាភ្ជាប់នឹងការអនុវត្ត ពិសោធន៍ ការស្រាវជ្រាវ រកប្រភពធនធាននៅខាងក្រៅពីសៀវភៅសិក្សាគោល។ ដូចនេះការតាំងពិព័រណ៌ស្នាដៃសិស្សនាថ្ងៃនេះ បានសបញ្ជាក់ឱ្យឃើញសមិទ្ធផលផ្លែផ្កាជាច្រើនដែលទទួលបានកំឡុងពេលសិស្សានុសិស្សសិក្សានៅសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ។
ក្នុងការពិព័រណ៌ស្នាដៃនេះ គឺមានស្នាដៃសិស្សថ្នាក់ទី៧ ដល់ទី១២ ប្រមាណ ៤០០ស្នាដៃ ត្រូវបានតាំងបង្ហាញ ដែលរៀបចំដោយសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ៕