អាជ្ញាធរអប្សរាស្នើភ្ញៀវទេសចរទៅលេងតំបន់អង្គរត្រូវប្រុងប្រយ័ត្នចំពោះសត្វស្វាខាំ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាជូនដំណឹងនឹងស្នើឱ្យភ្ញៀវទេសចរដែលមកលេងកម្សាន្តរមណីយដ្ឋានអង្គរបង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វាមួយចំនួននៅរមណីយដ្ឋាន ជាពិសេសនៅប្រាសាទអង្គរវត្តនិងក្រុងអង្គរធំ ខាំឬខ្វាច ដើម្បីដណ្តើមរបស់របរ។  ផ្អែកតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរានៅយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ ឱ្យដឹងថាដោយសារតែនៅថ្ងៃទី២៥នេះមានភ្ញៀវទេសចរជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ម្នាក់ត្រូវបានបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូងនៃរមណីយដ្ឋានអង្គរ។ ដូច្នេះអាជ្ញាធរអំពាវនាវឱ្យភ្ញៀទេសចរ បង្កើនការប្រុងប្រយ័ត្នករណីសត្វស្វា ខ្វាច ឬខាំ ដណ្តើរបស់របរផ្សេងៗពេលកំពុងធ្វើដំណើរកម្សាន្ត។  លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថាក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅបានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការ។ ជាមួយគ្នានេះ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍រូបនេះក៏បានបញ្ជាក់បន្ថែមថាកន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលស៊ាំនិងមនុស្សព្រោះការផ្ដល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ។  គួររំលឹកដែរថា កន្លងមកអាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានជូនដំណឹងនិងស្នើដល់សាធារណជនទាំងអស់ បញ្ឈប់ការផ្ដល់ចំណីដល់សត្វស្វានៅតំបន់រមណីយដ្ឋានអង្គរតទៅទៀត ដើម្បីឱ្យពួកវាត្រឡប់ចូលព្រៃរស់នៅតាមបែបធម្មជាតិវិញ។ ការសំណូមពររបស់អាជ្ញាធរជាតិអប្សរាបានធ្វើឡើងបន្ទាប់ពីចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយពួកវា បានបង្កការរំខាន ដល់ភ្ញៀវដែលមកលេងកម្សាន្តស្ទើររៀងរាល់ថ្ងៃ៕   ​សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង