នេះជារឿងថ្មីទៀតហើយ ប្ដីប្រពន្ធ១គូលែងលះគ្នា និងពុះផ្ទះជា២ដើម្បីបែងចែក ដោយបន្សល់ទុក្ខការលំបាកដល់កូនៗ!
កំពង់ធំ៖ ប្តីប្រពន្ធ១គូ បានសម្រេចលែងលះគ្នា ដោយស្ម័គ្រចិត្ត និងចែកទ្រព្យសម្បត្តិផ្សេងៗ រួចរាល់អស់..!។ ប៉ុន្តែចំពោះផ្ទះក៏ពុះជា២ ដើម្បីឱ្យស្មើរភាពផងដែរ ដោយបន្សល់តែទុក្ខលំបាកដល់កូនប្រុសស្រីទាំង២នាក់.!។ ករណីដ៏កម្រនេះ បានកើតឡើងនៅជិតផ្សារសំអាងរីករាយ ស្ថិតក្នុងភូមិអូរកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣។លោកមេឃុំបឹងល្វា បានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា តាមទូរស័ព្ទថាៈ ប្តីប្រពន្ធដែលលែងលះគ្នានេះ ឈ្មោះ ចេវ ចិន្តា អាយុ៤២ឆ្នាំ(ប្ដី)។ ប្រពន្ធឈ្មោះ ប៊ុន សុវែន អាយុ៣៨ឆ្នាំមានកូនក្នុងបន្ទុក២នាក់ គឺស្រីច្បងអាយុ១៧ឆ្នាំ និងកូនប្រុសពៅអាយុ១៣ឆ្នាំ។ លោកមេឃុំបានបន្តថាៈ ចំពោះរឿងរ៉ាវលែងលះគ្នានេះ លោកបានអប់រំ ពន្យល់ណែនាំនិងបានសម្របសម្រួលចំនួន២-៣ លើករួចមកហើយ ។ ដោយបានប្រាប់ថា បើយើងលែងលះគ្នាអាណិតដល់កូនៗទាំង២នាក់ ដែលស្ថិតនៅវ័យសិក្សា ព្រោះវាប៉ះពាល់ដល់អារម្មណ៍កូនៗយ៉ាងខ្លាំង បើឪពុកម្តាយបែកបាក់គ្នា។ករណីនេះទោះអាជ្ញាធរឃុំ បានពន្យល់យ៉ាងណា ក៏ប្តីប្រពន្ធនេះ នៅតែសម្រេចលែងលះគ្នាដដែល។ ក្រោយមកក៏ចែកទ្រព្យសម្បតិ្តគ្នា ហើយឈានពុះផ្ទះចែកគ្នាទៀត ដោយ មន្សល់ទុក្ខភាពសោកការ លំបាកដល់កូនប្រុសស្រីទាំង២ ឱ្យជួបវាសនាមិនល្អនាពេលអនាគត៕ សម្រួលដោយ ទៀង បុណ្ណរី