តើមានខ្មោចកូនក្រកជួយ ឬយ៉ាងណា ពេលអាជ្ញាធរចុះបង្ក្រាបម្ដងៗ ឈ្មួញស្រីល្បីឈ្មោះ នី ក្រចេះ តែងគេចខ្លួនដោយសុវត្ថិភាព

មណ្ឌលគិរី៖ ប្រតិបត្តិការចុះបង្ក្រាបមេឈ្មួញជួញឈើប្រណិតដ៏ល្បីម្នាក់ ឈ្មោះ នី ក្រចេះ នៅខេត្តមណ្ឌលគិរី បានដេញចាប់ក្រុមឈ្មួញជួញឈើដែលបានស្តុកទុកឈើប្រណិតលេខ១ ប្រមាណជិត១០ម៉ែត្រត្រីគុណ ប៉ុន្តែក្រុមឈ្មួញទាំងនោះបានដឹងខ្លួនមុន ក៏នាំគ្នារត់គេចចេញពីសមត្ថកិច្ច ដោយសុវត្ថិភាព…។  យោងតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកស្នួល ខេត្តក្រចេះ បានបង្ហើបប្រាប់ថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កងកម្លាំងសមត្ថកិច្ចចម្រុះដែលរួមមាន៖ មន្ត្រីបរិស្ថាន កងរាជរអាវុធហត្ថស្រុក និងស្នាក់ការ៧៦១ និងកងកម្លាំងយោធា បានប្រដេញចាប់ម្ចាស់ឈើ ឈ្មោះ នី ក្រចេះ និងបានរឹបអូសឈើលេខ១ ប្រភេទកូនក្រឡឹងសុក្រំ ចំនួន១៤០ដុំ ស្មើជិត៧ម៉ែត្រត្រីគុណ អុសចម្រុះ៧០ដុំ ស្មើ១ម៉ែត្រត្រីគុណ ដែលសរុបបទល្មើសនេះ មានចំនួនជិត៨ម៉ែត្រត្រីគុណ ព្រមទាំងរថយន្តសាំយ៉ុងកែច្នៃអត់ស្លាក់លេខ១គ្រឿងបន្ថែមទៀត ប៉ុន្តែក្រុមឈ្មួញជួញឈើទាំងនោះដឹងខ្លួនមុន បានរត់គេចខ្លួនដោយសុវត្ថិភាពអស់ ចាប់មិនបានសូម្បីតែម្នាក់ឡើយ។  ចំណែក លោក សាក់ សាគុណ ប្រធានស្នាក់ការសន្តិសុខ៧៦១ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ និងកងកម្លាំង បានព្យាយាមដេញចាប់ម្ចាស់ឈើដែរ ប៉ុន្តែដោយសារកត្តាភូមិសាស្ត្រ និងពេលនោះយប់ងងឹត ម្ចាស់ឈើបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវតែវត្ថុតាង ដូចរៀបរាប់ខាងលើ។ លោកប្រធានស្នាក់ការបន្តថា ប្រតិបត្តិការនេះ យើងបានពន្លាតដី និងរឹបអូសវត្ថុតាងល្មើសនៅចំណុចភូមិសាស្ត្រ អូរគគីរ ភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បន្ថែមទៀត ព្រោះបទល្មើសនេះ បានប្រមូលពីទឹកដីឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ចំពោះវត្ថុតាងត្រូវយកទៅរក្សាទុកនៅស្នាក់ការរហួតស្រែឈូក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។  ដោយឡែក ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើបានបង្ហើបឱ្យដឹងថា អាជ្ញាធរសមត្ថកិច្ចកម្រនឹងចាប់បានក្រុមឈ្មួញឈ្មោះ អ្នកស្រី នី ក្រចេះ នេះណាស់ ព្រោះស្ត្រីមេឈ្មួញរូបនោះតែងដឹងខ្លួនជាមុនរហូត ដូជមានកូនក្រកចាំជួយថែរក្សាការពារ មិនឱ្យសមត្ថកិច្ចចាប់បានឡើយ។ កន្លងមក ក្រុមឈ្មួញតែងតែរត់គេចបានដោយសុវត្ថិភាព និងបន្សល់តែវត្ថុតាងទុកឱ្យសមត្ថកិច្ចនាំយកទៅបង្អួតថ្នាក់លើម្ដងម្កាលប៉ុណ្ណោះ ដើម្បីកុំឱ្យថា អាជ្ញាធរដែលមកឈរការពារព្រៃឈើគ្មានសកម្មភាពបង្ក្រាបក្រុមឈ្មួញសោះ។ ពលរដ្ឋខាងលើបន្តថា បើអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅចំណុចខាងលើ មានឆន្ទះការពារសម្បត្តិធម្មជាតិពិតប្រាកដមែន ឈ្មួញប៉ុន្មានក្រុមដែលកំពុងរកស៊ីរាល់ថ្ងៃនេះ មិនអាចធ្វើព្យុះធ្វើភ្លៀងបានទេ តែនោះគឺមកពីអជ្ញាធរមួយចំនួនធ្វើសកម្មភាពចុះបង្ក្រាបផង និងគុបគិតជាមួយក្រុមឈ្មួញផង បានបទល្មើសនៅតែបន្តកើតមានជាហូរហែនោះ…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង