ក្រុមហ៊ុន៤ ដែលបោះទុនវិនិយោគជិត ២៨០លានដុល្លារ បង្កើតរោងចក្រ​នៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចំនួន៤ មានទុនវិនិយោគ ២៧៩ លានដុល្លារ នឹងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រផលិតសម្ភារៈ​ប្រើប្រាស់ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ ដោយបានបង្កើត​ការងារសរុប ៩៣៥៥នាក់។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។   ១-“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិត​ស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។  ២-“NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោងបង្កើតរោងចក្រផលិត​សម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។  ៣-“ARTIVERSE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង​វិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៨៦កន្លែង។  ៤-“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត​កាបូប និងសានូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣១កន្លែង។  ក្រៅពីក្រុមហ៊ុនទាំងបួនខាងលើនេះកាលពីថ្ងៃទី ២៤ សីហា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានជំនួបជាមួយ​ប្រធាន​រោងចក្រកាត់ដេរសម្លៀកបំពាក់ ជេនេរ៉ល អីនធើប្រាយ។ លោកអភិបាលខេត្ត សរសេរដូច្នេះថា« សូមស្វាគមន៍​ការ​មកដល់របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ជេនេរ៉ល អីនធើប្រាយ»។ បើតាមលោក វ៉ី សំណាង រោងចក្រនេះស្ថិត​តាមបណ្តោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៦ ក្នុងភូមិសាស្ត្រឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​  លោក Ray Chen ប្រធានរោងចក្រកាត់ដេរសម្លៀកបំពាក់ ជេនេរ៉ល អីនធើប្រាយ បានលើកឡើងថា ជំហានទីមួយ​រោងចក្រជេនេរ៉ល អីនធើប្រាយ ត្រូវការកម្មករចំនួន៦០០០នាក់-៨០០០នាក់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង