នាយករដ្ឋមន្ត្រីថៃថ្មីជួបលោក ប្រាយុទ្ធ ពិភាក្សាការងារលើការដឹកនាំប្រទេស

នាយក​រដ្ឋ​មន្ត្រីថ្មីរបស់ប្រទេសថៃ​ លោក ​ស្រេត​ថា ថាវីស៊ីន ​បាន​ជួប​ពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ ​លោក​ ប្រាយុទ្ធ ចាន់អូចា នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ទី២៤ ខែសីហានេះ ​នៅ​វិមានរាជ​រដ្ឋាភិបាល…។  លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានអមដំណើរនាយករដ្ឋមន្ត្រីទើបនឹងជាប់ឆ្នោតថ្មី លោក ស្រេតថា ទៅពិនិត្យអគារនានាក្នុងវិមានរាជរដ្ឋាភិបាល បន្ទាប់ពីសន្ទនាគ្នាប្រហែល៤៥នាទី។ លោក ស្រេតថា បានមកដល់វិមានរាជរដ្ឋាភិបាលនៅម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីសុំយោបល់លើការដឹកនាំប្រទេសពីលោក ប្រាយុទ្ធ។ យ៉ាងណាមិញ អ្នក​ទាំង​ពីរ​មិន​បាន​ប្រាប់​អ្នក​កាសែត​ពី​អ្វី​ដែល​ពួក​គេ​បាន​ពិភាក្សា​នោះ​ទេ។ កាលពីថ្ងៃពុធទី២៣សីហា លោក ប្រាយុទ្ធ បានអបអរសាទរដល់លោក ស្រេតថា ផងដែរ ដោយលោកបានថ្លែង​បន្ទាប់​ពី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន​នៅ​វិមានរាជ​រដ្ឋាភិបាល «ខ្ញុំ​សូមជូនពរ​ឱ្យ​លោក ស្រេតថា ជោគជ័យ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស»។ នេះជាការបញ្ជាក់របស់លោក ប្រាយុទ្ធ ។  លោក ប្រាយុទ្ធ បាននិយាយថា៖«រាជរដ្ឋាភិបាលរបស់លោកនឹងអស់តួនាទី នៅពេលដែលសមាជិកគណៈរដ្ឋមន្ត្រីដឹកនាំដោយលោក ស្រេតថា ស្បថសច្ចាប្រណិធាននៅចំពោះមុខព្រះមហាក្សត្ររួចរាល់។ នៅពេលដែលគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង រាជរដ្ឋាភិបាលរបស់ខ្ញុំនឹងចេញពីតំណែង។ គ្រប់គ្នាគួរតែស្ងប់ស្ងាត់ យើងគោរពច្បាប់ និងនីតិវិធីប្រជាធិបតេយ្យ‍»។ ជំហានបន្ទាប់សម្រាប់ មេដឹកនាំថ្មី គឺការកំណត់បញ្ជីគណៈរដ្ឋមន្ត្រី និងពិនិត្យលក្ខណៈសម្បត្តិរបស់សមាជិកគណៈរដ្ឋមន្ត្រី ដែលស្នើឡើងមុននឹងបញ្ជូនបញ្ជី ដើម្បីសុំព្រះរាជក្រឹត្យ។ នៅ​ពេល​ដែល​ព្រះករុណា​ទ្រង់​សព្វ​ព្រះរាជហឫទ័យ កាលបរិច្ឆេទ​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​តំណែង​នឹង​ត្រូវ​កំណត់ (ប្រហែលជានៅចុងខែកញ្ញា)។    សូមរំឭកថា ថៃរកបាននាយករដ្ឋមន្ត្រីទី៣០របស់ខ្លួននៅថ្ងៃទី២២ ខែសីហាកន្លងទៅ ក្រោយសភាថៃបានបើកសម័យប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី លោក ស្រេតថា ទទួលបានសំឡេងគាំទ្រ៤៨២ក្នុងចំណោម៧៤៧សំឡេង។ មេដឹកនាំថ្មីរូបនេះ កាលពីថ្ងៃពុធ បានសន្យាថា នឹងនាំមកនូវការរួបរួមដល់ប្រទេសថៃ និងជំរុញគោលនយោបាយដែលនឹងដោះស្រាយវិបត្តិ និងជំរុញប្រទេសឆ្ពោះទៅមុខ។ លោក ស្រេតថា បាន​សន្យា​បន្ទាប់​ពី​ទទួល​បាន​ព្រះរាជក្រឹត្យ​តែងតាំង​លោក ​ជា​នាយក​រដ្ឋមន្ត្រី​ទី៣០ របស់​ប្រទេស ដោយ​ប្តេជ្ញា​ថា​ នឹង​ធ្វើ​ការ​ឱ្យ​អស់​ពី​សមត្ថភាព​ប្រកប​ដោយ​តម្លាភាព និង​សីលធម៌ ដើម្បី​ប្រយោជន៍​សាធារណៈ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង