ឃើញយុវតីម្នាក់លង់ទឹក មិត្តភក្តិ២នាក់ទៀត ស្ទុះទៅជួយ បណ្តាលឱ្យលង់ស្លាប់ទាំង៣នាក់!

កណ្តាល៖ យុវតីសិស្សសាលា៣នាក់ បាននាំគ្នាចុះលេងទឹកបឹងដ៏ធំមួយ ស្រាប់តែម្នាក់លង់ទឹក ខណៈមិត្តភក្តិ២នាក់ទៀតខំប្រឹងជួយ ក៏ត្រូវលង់ទឹកលិចបាត់ទាំង៣នាក់តែម្ដង..!។  ហេតុការណ៍អកុសលនេះ បានកើតឡើង នៅភូមិប្រធាតុ ក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣។  លោកវរសេនីយ៍ឯក ឈិន ជីឈួន អធិការនគរបាលក្រុងសំពៅពូន បានឱ្យដឹងថាៈ យុវតីបាត់បង់ជីវិតទាំង៣នាក់-ទី១ៈឈ្មោះ កែវ ចាន់សុម៉ាលី អាយុ១៧ឆ្នាំ-។  ២ៈឈ្មោះ មី ឆេងហ៊ង អាយុ១៨ឆ្នាំ និងទី៣ៈឈ្មោះ ម៉ង់ លីណាអាយុ១៦ឆ្នាំ។​​  ពួកគេជាសិស្ស នៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្ដកណ្ដាល។  លោកអធិការបានបន្តថាៈ នៅមុនកើតហេតុ ក្រុមយុវតីរងគ្រោះរៀនថ្នាក់ជាមួយគ្នាប្រមាណ១០នាក់បានមកលេងទឹក នៅកន្លែងកើតហេតុ។ ក្រោយមកមានយុវតីម្នាក់បានលង់ទឹក។ ពេលនោះមិត្តភក្តិ២នាក់ទៀត ឃើញក៏ស្ទុះទៅជួយ ស្រាប់តែលង់ទឹកលិចបាត់ទាំង៣នាក់ តែម្តង!។  ក្រោយមកត្រូវបានអ្នកភូមិបានចេញទូកជួយស្រង់យកសពយុវតីទាំង៣នាក់ឡើងមកលើគោក ។  កម្លាំងនគរបាលក្រុងសំពៅពូន គ្រូពេទ្យនិងផ្នែកវិជ្ជសាស្ត្រ បានពិនិត្យនិងធ្វើកោសល្យវិច្ឆ័យបញ្ជាក់ថាៈ យុវតីទាំង៣នាក់ គឺពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង