យានអវកាស ឥណ្ឌា បង្កើតប្រវត្តិសាស្ត្រចុះចតយ៉ាងជោគជ័យលើឋានព្រះចន្ទ
យាន Chandrayaan-3 របស់ឥណ្ឌាកាលពីថ្ងៃពុធ បានធ្វើការចុះចតយ៉ាងជោគជ័យនៅលើផ្ទៃព្រះចន្ទនៅប៉ូលខាងត្បូង ដែលក្លាយជាភាពជោគជ័យមួយដ៏ធំធេងសម្រាប់កម្មវិធីអវកាសរបស់ឥណ្ឌា ។ ការចុះចតតាមការគ្រោងទុកនេះ បានចារប្រវត្តិសាស្រ្តឲ្យឥណ្ឌាក្លាយជាប្រទេសទី៤ ទទួលបានជោគជ័យក្នុងចុះចតនៅលើឋានព្រះចន្ទ បន្ទាប់ពីសហភាពសូវៀត សហរដ្ឋអាមេរិក ចិន និងជាប្រទេសដំបូងគេបំផុតដែលបោះទង់ជាតិនៅប៉ូលខាងត្បូងនៃផ្ទៃព្រះចន្ទ ។ សម្រាប់បេសកម្មនៅប៉ូលខាងត្បួងមួយនេះដែរ គឺដើម្បីស្វែងរកធនធានធម្មជាតិកម្រផ្សេងៗ ក៏ដូចជាប្រភពទឹកដែលអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាស្ថិតនៅក្នុងទម្រង់ជាទឹកកកនៅឡើយ ។ តាមរយៈភាពជោគជ័យនៃការចុះចតនេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និយាយថា ជោគជ័យនេះជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់ ហើយលោកមានទំនុកចិត្តថា ប្រទេសទាំងអស់ក្នុងពិភពលោក រួមទាំងប្រទេសមកពីពិភពលោកភាគខាងត្បូង ក៏អាចមានសមត្ថភាពសម្រេចបាននូវសមិទ្ធផលបែបនេះដូចគ្នា ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន រុស្ស៊ីក៏បានព្យាយាមបញ្ជូនយាន Luna-25 ទៅកាន់ប៉ូលខាងត្បូងដូចឥណ្ឌាដែរ ប៉ុន្តែបេសកម្មមួយនោះ មិនទទួលបានជោគជ័យឡើយ ៕ សម្រួលដោយ ទៀង បុណ្ណរី