ឃាត់ខ្លួន២នាក់ ករណីផលិត ប្រេងម៉ាស៊ីនក្លែងក្លាយ និងដកហូតប្រេងម៉ាស៊ីន ក្លែងក្លាយជាង១២តោន!
ភ្នំពេញ៖ កម្លាំងជំនាញកំពុងបន្តនីតិវិធី ក្រោយស្រាវជ្រាវ និងឃាត់ខ្លួនមនុស្ស២នាក់ ដែលលួចផលិតប្រេងម៉ាស៊ីនក្លែងក្លាយ និងដកហូតប្រេងម៉ាស៊ីនក្លែងក្លាយ ជាង១២តោន.!។ការបង្ក្រាបនេះ ធ្វើឡើងនៅឃ្លាំងមួយតាមផ្លូវលេខ១០០៣ ក្នុងភូមិឡរកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣។ មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងសេដ្ឋកិច្ចបានឱ្យដឹងថាៈ ទីតាំងលួចផលិតកែច្នៃ និងចែកចាយប្រេងម៉ាស៊ីនក្លែងក្លាយខាងលើ។ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ និងនគរបាលខណ្ឌឫស្សីកែវ បានសហការចុះឆែកឆេរ និងរកឃើញប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក TOTAL និងម៉ាក TRA CHANG ជាង១២តោន ដោយឃាត់ខ្លួនប្រុសស្រី២នាក់។ ប្រភពដដែលបានបន្តថាៈ ក្នុងប្រតិបត្តិការនេះធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុន “Tilleke & Gibbins Cambodia Ltd.” ដែលជាក្រុមហ៊ុនតំណាងឱ្យក្រុមហ៊ុន “TotalEnergies” ដោយសមត្ថកិច្ចមានការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាយូរមកហើយ។ ទីតាំងខាងលើនោះបានលួចកែច្នៃនិងស្តុកទុកចែកចាយប្រេងម៉ាស៊ីនម៉ាកTOTAL និងម៉ាកTRA CHANG ក្លែងក្លាយតាមទីផ្សារ។ ក្រោយមកកម្លាំងបានរកឃើញនូវឧបករណ៍ផលិតប្រេងម៉ាស៊ីនក្លែងក្លាយ គឺមានសំបកហ្វុយសម្រាប់ដាក់ប្រេង-សំបកកេស-សំបកដប-តែមបិទ-ស្ទ័គឃ័រ-ឧបករណ៍សម្រាប់ច្រកចំនួន២-ប្រេងម៉ាស៊ីនច្រករួចជិត៣០០កេស សរុបប្រមាណជាង១២តោននិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ សមត្ថកិច្ចបាននាំម្ចាស់ទីតាំប្រុសស្រី២នាក់ ទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ជាមួយនោះ ក៏បានដកហូតឧបករណ៍សម្ភារនិងបិទឃ្លុំបេរ ទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី