ស្ត្រីខ្មែរម្នាក់ទម្លាយរឿងថៅកែចិនបង្ខំឱ្យថតអា.ក្រា.តក្នុង «សណ្ឋាគារអន្តរជាតិហ្វឹងហ្សូវ» នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ ផ្ទុះការភ្ញាក់ផ្អើលស្ត្រីខ្មែរម្នាក់អះអាងថា បានទៅសម្ភាសការងារធ្វើជាអ្នកដើរបង្ហាញម៉ូត តែបែរជាត្រូវថៅកែចិនបង្ខំឱ្យថតរូបអាក្រាតកាយរួមជាមួយនារីដទៃទៀតជាច្រើននាក់នៅក្នុងបន្ទប់ «សណ្ឋាគារអន្តរជាតិហ្វឹងហ្សូវ» ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្អែកតាមការផុសរបស់នារីរងគ្រោះលើទំព័រហ្វេសប៊ុកមានឈ្នោះថា Pa Pu កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ភ្ជាប់ជាមួយវីដេរអូដែលលួចថតបានពីជ្រុងមួយនៃបន្ទប់សម្ភាសការងារនោះបង្ហាញឱ្យឃើញពីសកម្មភាពថតរូបអាក្រាតកាយ ដែលមានបុរសម្នាក់សង្ស័យជាជនជាតិចិន កំពុងអង្គុយចាំមើល រួមជាមួយនារីចំនួនពីរអ្នកផ្សេងទៀតកំពុងអង្គុយរង់ចាំនៅក្បែរកន្លែងថតនោះផងដែរ។ទន្ទឹមនឹងការផុសវីដេអូនេះដែរ នារីរូបនោះក៏បានភ្ជាប់ជាមួយសំណេរថា៖« នៅជាន់ទី២ បន្ទប់៨២១៧ ថៅកែចិនហៅមកថតស្រាត កុហកយើង ហើយថាជូនមកផ្ទះមកដល់ក្រោម មិនជូនទៀតថ្លៃតាក់សុីក៏មិនឱ្យ ជួញដូរផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀនទៀត»។ នាងក៏បានគូសបញ្ជាក់បន្ថែមថា៖«បញ្ជាក់តែជាន់ទី២ បន្ទប់៨២១៧ តែប៉ុណ្ណោះ យើងថានេះទឹកដីយើងខ្មែរ វាថាខ្មែរៗទៅវាខ្លាចអី ចង់សើច វាមកស្រុកយើងមើលងាយប្រទេសយើង-បុគ្គល-សូមសមត្ថកិច្ចជួយចាត់វិធានការលើសណ្ឋាគារ និងលេខបន្ទប់ដែលខ្ញុំនិយាយខាងលើមួយនេះផង»។ យ៉ាងណា ជុំវិញករណីនេះមហាជនមួយចំនួនកំពុងតែរង់ចាំមើលចំណាត់ការពីខាងអាជ្ញាធរពាក់ព័ន្ធ ខណៈគិតមកដល់ថ្ងៃទី២៣សីហានេះ មិនទាន់ឃើញមានការចុះបង្ក្រាប ឬក៏ស្រាយបំភ្លឺណាមួយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយនោះទេ។ ទន្ទឹមនឹងនោះ ពលរដ្ឋក៏បានលើកឡើងដែរថា បើករណីនេះជាការពិតដូចនារីរងគ្រោះបានផុសចែករំលែកនោះ វាពិតជាគួរឱ្យព្រួយបារម្ភចំពោះសន្តិសុខសាធារណៈណាស់ ខណៈដែលជនជាតិចិនទាំងនោះហ៊ានប្រព្រិត្តអំពើជួញដូរផ្លូវភេទ ក្រោមរូបភាពស្វែងរកបុគ្គលិកធ្វើការ នៅកណ្តាលក្រុងព្រះសីហនុ ដោយមិនខ្លាចញញើតនឹងផ្លូវច្បាប់ទាល់តែសោះនោះ។ ជុំវិញករណីនេះដែរ មិនអាចសុំការបំភ្លឺពីមន្ត្រីសមត្ថកិច្ចនៅក្រុមព្រះសីហនុបានទេ ព្រោះទូរសព្ទមិនអាចទាក់ទងបាន និងសង្ឃឹមថា អាជ្ញាធរខេត្តព្រះសីហនុ នឹងចេញមុខបំភ្លឺលើករណីនេះនៅពេលក្រោយមិនខាន ដើម្បីកុំឱ្យកេរ្តិ៍ឈ្មោះក្រុងទេសចរណ៍ដ៏ល្អរបស់កម្ពុជាមួយនេះ ស្ថិតក្នុងក្លិនអសោចនៃអំពើជួញដូរមនុស្សតទៅទៀត…៕ សម្រួលដោយ ទៀង បុណ្ណរី