ថាហើយថាត្រីសម្បូរណាស់លក់នៅផ្សារសាមគ្គីក្រុងស្ទឹងត្រែងក្នុងរដូវបិទនេសាទមកពីមានបទល្មើសដាក់ដាយនៅក្នុងតំបន់ជម្រុកត្រីពងកូនអូរតាឡាស់អញ្ចឹងតើ

ខេត្តស្ទឹងត្រែងៈ  បទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ដូចជាឆក់ ដាក់ដាយកាត់ទទឹងអូរឃើញថានៅតែបន្តកើតមានឡើងកៀនក្លៀកក្នុងដែនសមត្ថកិច្ចជំនាញគ្រប់គ្រង ខណៈមន្ត្រីជំនាញជលផលរួមនឹងកម្លាំងបរិស្ថានខំប្រឹងបង្ក្រាបដូចភ្លៀងរលឹមយ៉ាងណាក៏ដោយ។ ដោយជនល្មើសទាំងនោះមិនខ្លាចរកអាបានប្រើប្រាស់នៅឧបករណ៍ដែលច្បាប់ហាមឃាត់ លួចនេសាទ ដើម្បីយកត្រីមកលក់បន្តឱ្យក្រុមឈ្មួញលក់នៅលើទីផ្សារខេត្តស្ទឹងត្រែងជារៀងរាល់ថ្ងៃ មិនថានៅក្នុងរដូវបិទនេសាទ ឬបើកនេសាទនោះទេ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០២៣នេះ អ្នកសារព័ត៌មានចំនួនពីរអង្គភាពមានទូរទស្សន៍ថោននិងទូរទស្សន៍TNM TV online ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រាប់ឲ្យដឹងមកថា មានបទល្មើសដាក់អួនស្បៃមុងកាត់ទទឹងអូរជាច្រើនកន្លែង លក្ខណៈទ្រង់ទ្រាយធំ នៅចំណុចក្នុងអូរតាឡាស់។បន្ទាប់មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងមក ភ្នាក់ងារសារព័ត៌មានយើងទាំងពីរអង្គភាព ក៏បានជួលទូក ឲ្យអ្នកចេះបើកទូក ជិះធ្វើដំណើរចេញទៅតាមដដទន្លេមេគង្គ ដើម្បីចុះថតផ្ដិតយករូបភាពឲ្យបានឃើញជាក់ស្ដែងដូចប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ដែលឬទេ មាននៅចំណុចអូរតាឡាស់ស្ថិតនៅក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងបន្តថា មានបទល្មើសដាក់ដាយកាត់ទទឹងអូរតាឡាស់ មានចំនួនជាង១០កន្លែង នៅចំណុចខាងក្រោមស្ពានអូរតាឡាស់ប្រមាណជា ៨ កន្លែង និងនៅខាងលើស្ពានអូរតាឡាស់មានប្រមាណជា ៤ ទៅ៥ កន្លែង ផ្សេងទៀត ។តែជាក់ស្ដែងអ្នកសារព័ត៌មានយើងទាំងពីរអង្គភាពបានប្រទះឃើញបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់បានដាក់ដាយស្បៃមុងកាត់ទទឹងអូរ នៅចំណុចខាងក្រោមស្ពានអូរតាឡាស់មាន១កន្លែងក្នុងចំណោម៨ កន្លែង ហើយក៏បានធ្វើការថតផ្ដិតយកភាព បន្ទាប់មកបានរាយការណ៍ជូនទៅជំនាញ តែខាងមន្រ្តីជំនាញបរិស្ថាននិងជលផលខេត្តបានរុញដាក់គ្នាទៅវិញទៅមកឆ្លើយថា មិនមែនជាដែនគ្រប់គ្រងរបស់ខ្លួន។មួយសន្ទុះក្រោយមកក៏មានការសម្របសម្រួលពីលោកប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក៏ដូចជានាយខណ្ឌជលផលខេត្ត បានបញ្ជាឲ្យកម្លាំងកូនចៅរបស់ខ្លួនធ្វើការសហការគ្នាចុះមកបង្ក្រាប។ ដោយឡែកអ្នកសារព័ត៌មានយើងទាំងពីរអង្គភាព បានតេទំនាក់ទំនងតាមទូរសព្ទតាំងពីម៉ោង៩ ជាង តែទល់ទៅដល់ម៉ោង២រសៀលទើបខាងកម្លាំងជំនាញទាំងពីរស្ថាប័នចុះមកដល់កន្លែងបទល្មើស។ ដោយឡែកខណៈពេលអ្នកសារព័ត៌មានយើងទាំងពីរអង្គភាពបានរាយការណ៍ជូនទៅមេៗខាងជំនាញជលផលនិងបរិស្ថានខេត្តរួចរាល់ហើយ នៅវេលាម៉ោងប្រមាណជា១២ ថ្ងៃត្រង់ ក៏បានប្រាប់ទៅជំនាញឲ្យបានដឹងថា ខាងខ្ញុំបានបើកទូកចេញ ឡើងទៅលើទៅរកអីហូបនៅចំណុចគល់ស្ពានអូតាឡាស់សិនដើម្បីទ្រាប់ពោះ ចាំទម្រាំកម្លាំងជំនាញចុះមកដល់រួមសហការគ្នាបង្ក្រាបបទល្មើស ។ តែគួរឱ្យសោកស្ដាយកន្លែងដែលជនល្មើសបានប្រព្រឹត្តបទល្មើសដាក់ដាយកាត់ទទឹងអូរខាងលើនោះ ត្រូវបានជនល្មើសនាំគ្នាលួចចូលមករុះរើសាដាយស្បៃមុងព្រមទាំងដកបង្គោលសម្រាប់ចងដាយ យកទៅបាតអស់គ្មានសល់ដានអ្វីឡើយ។
ពលរដ្ឋរស់នៅខេត្តនិងសង្ឃឹមថា មន្ត្រីជំនាញទាំងបរិស្ថាននិងជលផល រួមនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្នុងខេត្តនិងធ្វើការសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់ ខណៈពេលមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថាមានបទល្មើសកើតឡើង ដោយមិនចាំបាច់រុញគ្នាទៅវិញទៅមកថាក្នុងដែនអ្នកនេះក្នុងដែនអ្ននោះគ្រប់គ្រងនោះទេ ត្រូវតែមានឆន្ទៈក្នុងការបង្ក្រាបទៅលើបទល្មើសកើតមានឡើងដូចភ្លៀងរលឹម បើមិនដូច្នេះទេ ទោះបីខាងមន្ត្រីជំនាញជលផលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ខិតខំព្រលែងកូនត្រីពូជយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទន្លេជារៀងរាល់ឆ្នាំដើម្បីបង្កើនទិន្នផលត្រីឡើងវិញយ៉ាងណាក៏ដោយ បើនៅតែបណ្ដែតបណ្ដោយឲ្យកើតមានឡើងនៅបទល្មើស ដែលជនល្មើសលួចលាក់ប្រើឧបករណ៍នេសាទខុសច្បាប់ដូចជាឆក់ និងដាក់ដាយស្បៃមុងកាត់ទន្លេឬកាត់អូរជាដើម នៅក្នុងរដូវបិទនេសាទ ក៏ដូចជាដែនអភិរក្សរបស់មន្ត្រីបរិស្ថាននិងជលផលគ្រប់គ្រងច្បាស់ជានិងបាត់បង់នៅមច្ឆាជាតិអស់ជាក់ជាពុំខាន ទៅថ្ងៃអនាគតកូនចៅជំនាន់ក្រោយៗមិនបានស្គាល់ពូជត្រីធម្មជាតិនៅក្នុងទន្លេតទៅទៀតទេ ពោលគឺបានបរិភោគតែត្រីដែលគេយកមកចិញ្ចឹមនោះទេ។
គួរបញ្ជាក់ថា បទល្មើសដែលជនល្មើសលួចនេសាទប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់តំបន់អូរតាឡាស់ ស្ថិតនៅក្នុងឃុំព្រះរំកិល ស្រុកបូរីបុរីអូស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង មានបង្គោលដែលបោះកាត់ទទឹងអូរសម្រាប់ដាក់ដាយមានចំនួនជាង១០ កន្លែង ទាំងនៅខាងក្រោមស្ពានអូរតាឡាស់និងនៅលើស្ពានអូតាឡាស់ដែលក្រុមជនល្មើសដាក់ដាយនៅក្នុងរដូវទឹកដំឡើងខណៈពេលទឹកហូរចូលក្នុងអូរចុងខែ៧ និងដើមខែ៨ក្នុងរដូវបិទនេសាទនិងដាក់ត្រៀមយកត្រីនៅក្នុងខែ១០និងខែ១១នៅពេលទឹកស្រក់ហូរចេញពីអូរតាឡាស់ចូលទៅក្នុងទន្លេវិញ បើមិនទប់ស្កាត់ទាន់ពេលវេលានោះទេហ្វូងត្រីទាំងនោះត្រូវបានដាយដាក់កាត់ទទឹងអូរជាច្រើនកន្លែងនៅចំណុចអូតាឡាស់នោះ និងបឺតស្រូបយកត្រីទាំងអស់ជាក់ជាពុំខានឡើយ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង