ស្ដ្រីម្នាក់អះអាងថាៈ ខ្លួនមិនបានទៅបោះឆ្នោត ព្រោះទាហានខេត្តមណ្ឌលគិរី ចាប់យកម៉ូតូនិងជំរិតទារប្រាក់!
មណ្ឌលគិរី៖ ស្របពេលដែលកំពុងរងបណ្ដឹងពីពលរដ្ឋជាង១០០គ្រួសារ..! ស្រាប់តែ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា បម្រើការងារនៅវរៈអន្តរាគមន៍លេខ១ នៃតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី។
បែរជារងនូវការចោទប្រកាន់ថ្មីមួយទៀតថាៈ បានកំណត់យកលុយពីស្ដ្រីម្នាក់បានសម្រេចចំនួន៤០ម៉ឺនរៀល និងចាប់ដកហូតម៉ូតូពីគាត់ទុក ដើម្បីជំរិតទារប្រាក់ចំនួន៥០ម៉ឺនរៀលបន្ថែមទៀត.បណ្ដាលឱ្យស្ដ្រីរូបនោះ ខកខានមិនបានទៅបោះឆ្នោត.!។ ប៉ុន្តែករណីនេះត្រូវបានលោក រឿន រដ្ឋា បដិសេធចោលដោយថាៈ ខ្លួនមិនបានចាប់យកម៉ូតូនោះទេ ពោលគឺមកពី(ម្ចាស់ម៉ូតូ)មិនមកយកម៉ូតូដោយខ្លួនឯង..!។ ជុំវិញរឿងរ៉ាវមួយនេះ នៅល្ងាចទី២១.០៨.២០២៣ លោកស្រី សឿ ចាន់ អាយុ៥៥ឆ្នាំ នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានអះអាងប្រាប់ថាៈ កាលពីថ្ងៃទី២៣.០៧.២០២៣ លោកស្រី មិនបានទៅចូលរួមបោះឆ្នោតនោះទេ!។ ព្រោះមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា ចាប់ដកហូតយកម៉ូតូ១គ្រឿងរបស់លោកស្រី ម៉ាកហុងដាឌ្រីម C110 ស៊េរីឆ្នាំ២០០២ ពណ៌ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1.C.4087 ទៅរក្សាទុក ដើម្បីជំរិតទារប្រាក់ចំនួន៥០ម៉ឺនរៀលពីលោកស្រី។ លុះលោកស្រី មិនមានលុយឱ្យតាមកំណត់ ទើបម៉ូតូរបស់លោកស្រី មិនអាចយកមកវិញបានរហូតសព្វថ្ងៃ.!។ បើតាមលោកស្រី សឿ ចាន់ ដើមចមដំបូងនៅកំឡុង ខែកក្កដា ឆ្នាំ២០២៣ លោកស្រី មានគម្រោងធ្វើផ្ទះ។
ក្នុងនោះ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា បានកំណត់យកលុយពីលោកស្រីចំនួន១៥ម៉ឺនរៀលជាថ្នូរ នឹងការអនុញ្ញាតឱ្យកាប់ឈើមកសាងសង់ផ្ទះ..!។ លុះពេលចុះកាប់ឈើជាក់ស្ដែងៈ ស្រាប់តែកូនចៅរបស់លោក រឿន រដ្ឋា មកឃាត់មិនឱ្យកាប់ទេ.!។ ទន្ទឹមនិងនោះ លោកស្រីក៏បានខ្ចីលុយគេ ចំនួន២៥ម៉ឺនរៀលទៀត ដើម្បីប្រគល់ឱ្យលោក រឿន រដ្ឋា សម្រាប់បង្គ្រប់ចំនួន៤០ម៉ឺនរៀល ទើបអាចកាប់ឈើមកសង់ផ្ទះបាន.!។ លោកស្រីបន្តទៀតថាៈ ដោយសារខ្វះគ្រឿងឈើផ្នែកដំបូលមិនទាន់គ្រប់ គ្រាន់ក្នុងការសាងសង់ផ្ទះ..!។ នៅថ្ងៃទី២០.០៧.២០២៣ លោកស្រីបានឱ្យឈ្មោះ ហួយ និងប្អូនរបស់គាត់ ទៅកាប់ឈើម្ដងទៀត ដែលនៅក្បែរផ្ទះ ស្ថិតភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក.!។ ហើយក៏ត្រូវកូនចៅលោក រឿន រដ្ឋា ហាមឃាត់ម្ដងទៀត ដោយថែមទាំងគំរាមចាប់វ៉ៃខ្នោះ និងបង្គាប់ឱ្យឈ្មោះ ហួយនិងប្អូន ទៅជួបលោក រឿន រដ្ឋា ដោយផ្ទាល់ទៀតផង..!។ ក្នុងនោះឈ្មោះ ហួយនិងប្អូន ក៏បានខ្ចីម៉ូតូ ហុងដាឌ្រីមពណ៌ក្រហម របស់លោកស្រី ដើម្បីជិៈឌុបគ្នាទៅជួបលោក រឿន រដ្ឋា តាមការបង្គាប់បញ្ជា..!។ លុះជិៈទៅដល់ ស្រាប់តែលោក រឿន រដ្ឋា ចាប់ដកហូតយកម៉ូតូរបស់លោកស្រី ទៅរក្សាទុកតែម្ដង ដោយមិនព្រមឱ្យមកវិញទេ!។ ក្រោយឃាត់ម៉ូតូទុកហើយលោក រឿន រដ្ឋា ក៏បានហៅលោកស្រី និងមេជាងធ្វើផ្ទះ ឱ្យមកជួបចរចាគ្នា ប៉ុន្តែមិនឱ្យម៉ូតូមកវិញដដែល!។ លោកស្រីបញ្ជាក់ថាៈ ដោយសារតម្រូវការប្រើប្រាស់ម៉ូតូជាក់ស្ដែង លោកស្រី រួមនិងកូនប្រុស បានព្យាយាមសុំយកម៉ូតូមកវិញជាច្រើនលើកច្រើនសារ.ក៏លោក រឿន រដ្ឋា និងបក្ខពួកនៅតែមិនព្រមឱ្យ..!។ ខណៈលោក រឿន រដ្ឋា និងកូនចៅ ធ្វើជារុញដាក់គ្នា ពីមួយទៅមួយ បណ្ដាក់ដូចខ្យង ដោយថែមទាំងបានកំណត់យកលុយពីលោកស្រី ចំនួន៥០ម៉ឺនរៀលទៀត ជាថ្នូរនិងប្រគល់ម៉ូតូឱ្យវិញ…!។ ប៉ុន្តែដោយសារលោកស្រី មិនមានលុយឱ្យលោក រឿន រដ្ឋា តាមកំណត់ ទើបម៉ូតូហុងដាឌ្រីមសង់ របស់លោកស្រី មិនអាចយកមកវិញបាន រហូតសព្វថ្ងៃ..!។ ពោលគឺជាង១ខែហើយ ដែលអត់ម៉ូតូប្រើប្រាស់ និងខកខានមិនបានទៅចូលរួមបោះឆ្នោត!។ ពាក់ព័ន្ធករណីខាងលើលោក ប៉ិល ឌិត មេឃុំរយ៉ បានថ្លែងប្រាប់នៅល្ងាចទី២១.០៨.២០២៣ថាៈ លោកមិនបានដឹងទេ រឿងចាប់យកម៉ូតូអីទាំងនុង ហើយក៏មិនបានដឹងថាៈ គេចាប់រឿងបទល្មើសអ្វីដែរ..!។ ចំណែកលោក រឿន រដ្ឋា បម្រើការនៅវរៈអន្តរាគមលេខ១ នៃតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី បានថ្លែងបដិសេធថាៈ លោកមិនបានយកលុយពីលោកស្រី សឿ ចាន់ ដូចការចោទប្រកាន់នោះទេ។ លោក រឿន រដ្ឋា បដិសេធទៀតថារូបលោក ក៏មិនបានចាប់យកម៉ូតូរបស់លោកស្រី សឿ ចាន់ អ្វីដែរ..!។ -ចំពោះសំនួរថាៈ បើមិនចាប់យកហេតុអ្វីម៉ូតូ នៅក្រោមការគ្រប់គ្រងរបស់លោក នឹងយកមកវិញមិនបាន…?។ -ត្រង់ចំណុចនេះលោក រឿន រដ្ឋា បានឆ្លើយថាៈ មកពីលោកស្រី សឿ ចាន់ មិនមកយកម៉ូតូដោយខ្លួនឯង..!។ ចំពោះការទារលុយចំនួន៥០ម៉ឺនរៀលជាថ្នូរ នឹងដោះលែងម៉ូតូមកវិញនោះ..!? ក៏លោក រឿន រដ្ឋា បដិសេធថាៈ លោកមិនហ៊ានឱ្យម៉ូតូផ្ដេសផ្ដាស់ ខ្លាចបាត់ម៉ូតូ និងខ្លាចមិនមែនម្ចាស់ ដោយលោកអះអាងទៀតថា ខ្ញុំគ្មានដីនៅតំបន់នោះទេ..!។ បើទោះបីជាលោក រឿន រដ្ឋា បានបដិសេធយ៉ាងនេះក្ដី! ប៉ុន្តែលោកស្រី សឿ ចាន់ រួមនិងក្រុមគ្រួសារ បានលើកម្រាមដៃ១០ សំពះ ស្នើសុំយ៉ាងទទូច ដល់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាក្រសួងពាក់ព័ន្ធ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ឱ្យម៉ូតូគាត់វិញដោយក្ដីអនុគ្រោះ.!។ សូមជម្រាបថាៈ នៅ ងៃទី១៤.០៨.២០២៣ ពលរដ្ឋជនជាតិដើមភាគតិចចំនួន១២៨គ្រួសារ…!។ បាននាំគ្នាផ្ដិតមេដៃប្ដឹងលោក រឿន រដ្ឋា និងបក្ខពួក ទៅលោកខេត្តមណ្ឌលគិរី ពីបទៈ បាញ់បោះសេរី សំឡុតគំរាមកំហែងពួកគាត់ និងរំលោភយកដីត្រង់ចំណុច”អន្លង់ចេក អន្លង់ចាញ់ អូរព្រាល អូរបន្ទាត់”ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយបណ្ដឹងមួយនេះ នៅពុំទាន់មានការដោះស្រាយ នៅឡើយទេ៕ សម្រួលដោយ ទៀង បុណ្ណរី