ឯកឧត្ដមកិត្តទេសាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រ៉ាប់រងចំណាយការព្យាបាល ជូនលោកគ្រូព្រឹទ្ធាចារ្យ ក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន ក្រោយសង្គ្រោះបន្ទាន់
ភ្នំពេញ : លោកគ្រូព្រឹទ្ធាចារ្យ ក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀនបានធ្លាក់ខ្លួនឈឺ និងបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: ។ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាភរិយា រួមជាមួយក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល ធ្វើឱ្យស្ថានភាពជំងឺរបស់លោកគ្រូព្រឹទ្ធាចារ្យ បានធូរស្រាល និងចាក២ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ។ នេះបើតាមការបញ្ជាក់នៅបណ្ដាញតេលេក្រាមរបស់ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៩ ខែសីហានេះ ។ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក គឺបានឧបត្ថម្ភទំនុកបម្រុងដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ។ លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក ហ៊ុន ម៉ាណែត និងភរិយា ព្រមទាំងគោរពជូនពរ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា បន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ៕ សម្រួលដោយ ទៀង បុណ្ណរី