រថយន្ត Lexus LX570 បុករថយន្តLexus NX200t រួចបន្តបើករត់ទៅបុករះម៉ូតូ៣គ្រឿង បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Lexus LX570មួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តម៉ាក LexusNX200t បើកដោយនារីម្នាក់ រយ៉ែថយក្រោយរងការខូចខាត ហើយមិនព្រមឈប់ដោះស្រាយ ព្យាយាមបើករត់រហូតមកដល់ផ្លូវ៥៩៨ ម្តុំត្រឡោកបែក ក៏ជ្រុលទៅបុករះម៉ូតូ៣គ្រឿងបន្ថែមទៀត បណ្តាលឲ្យរងការខូចខាត និងរងរបួសធ្ងន់និងស្រាលចំនួន៤នាក់ ចំណែករថយន្តបង្កបើករត់ចូលក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី១។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី ១៦ខែសីហាឆ្នាំ ២០២៣ ចំណុចកើតហេតុមុខសាលាបឋមសិក្សាទួលគោក ស្ថិតនៅតាមបណ្តោយផ្លូវ ២៨៩ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ជាសន្តិសុខ សូមមិនបញ្ចេញឈ្មោះបានឃើញហេតុការណ៍ខាងលើ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ឃើញនារីរងគ្រោះម្នាក់ បានឡើងទៅបើករថយន្តម៉ាក lexus NX200t ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BR-4866 បានបើករយ៉ែថយក្រោយភ្លាមនោះដែរ ស្រាប់តែមានរថយន្តបង្កម៉ាក LexusLX570 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BG-9889 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីចំហៀងខាងស្តាំផ្នែកខាងក្រោយនៃ រថយន្ត LexusNX200t យ៉ាងពេញទំហឹង រងការខូចខាត និងបណ្តាលនារីម្នាក់ ជាម្ចាស់រថយន្តរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តបង្កមិនព្រមឈប់ដោះស្រាយ ព្យាយាមបើករត់តែត្រូវបានពលរដ្ឋ ជួយប្រដេញពីក្រោយរហូតដល់ផ្លូវ៥៩៨ ម្តុំត្រឡោកបែក ក៏ជ្រុលទៅបុករះម៉ូតូ៣គ្រឿងទៀត បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ហើយរថយន្តបង្កបានបើករត់ចូលក្នុងរត់ចូលក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ ហើយគេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមក ដើម្បីពិនិត្យនិងវាស់វែង យកម៉ូតូនិងរថយន្តទាំងសងខាង ទៅរក្សាទុកដើម្បីរង់ចាំឱ្យភាគីទាំងសងខាង ចរចាគ្នានៅពេលក្រោយ៕ សម្រួលដោយ ទៀង បុណ្ណរី









